45 ដូច្នេះ អ្នកណាជាអ្នកបំរើស្មោះត្រង់ មានមារយាទ ដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក និងឲ្យអាហារគេបរិភោគ តាមត្រូវពេល
46 បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ
47 ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់
48 ប៉ុន្តែ បើជាអ្នកបំរើអាក្រក់វិញ ហើយគិតក្នុងចិត្តថា ចៅហ្វាយអញក្រមក
49 ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង
50 ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់
51 ហើយនឹងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។