ម៉ាថាយ 27:32-38 KHOV

32 កាល​បាន​ចេញ​ទៅ​ហើយ នោះ​គេ​ប្រទះ​ឃើញ​មនុស្ស​ស្រុក​គីរេន​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ក៏​ចាប់​បង្ខំ​ឲ្យ​លី​ឈើ​ឆ្កាង​ទ្រង់​ទៅ

33 លុះ​បាន​ដល់​កន្លែង​ហៅ​ថា គាល់‌កូថា ដែល​ស្រាយ​ថា​ភ្នំ​លលាដ​ក្បាល

34 នោះ​គេ​យក​ទឹក‌ខ្មេះ​លាយ​នឹង​ប្រមាត់​ថ្វាយ​ទ្រង់​សោយ តែ​កាល​ទ្រង់​បាន​ភ្លក់​មើល​នោះ​ទ្រង់​មិន​ព្រម​សោយ​ទេ

35 គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ‌ពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ»

36 គេ​អង្គុយ​ចាំ​យាម​ទ្រង់​នៅ​ទី​នោះ

37 ក៏​បិទ​ប្រកាស​ដែល​កាត់​ទោស​ទ្រង់ ដាក់​ពី​លើ​ព្រះ‌សិរ​ថា «នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»

38 នៅ​វេលា​នោះ ក៏​ឆ្កាង​ចោរ​២​នាក់​ជា​មួយ​នឹង​ទ្រង់​ដែរ ១​ខាង​ស្តាំ ហើយ​១​ខាង​ឆ្វេង។