ម៉ាថាយ 3:11-17 KHOV

11 ឯ​ខ្ញុំ ពិត​មែន​ជា​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ពី​ព្រោះ​មាន​សេចក្ដី​ប្រែ​ចិត្ត តែ​ព្រះ‌អង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ ទ្រង់​មាន​អំណាច​លើស​ជាង​ខ្ញុំ​ទៅ​ទៀត ខ្ញុំ​មិន​គួរ​នឹង​កាន់​សុព័ណ៌‌បាទ​ទ្រង់​ទេ ព្រះ‌អង្គ​នោះ​នឹង​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ភ្លើង​វិញ

12 ទ្រង់​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ទ្រង់​នឹង​បោស​រំលីង​ទី​លាន​ទ្រង់ ហើយ​នឹង​ប្រមូល​ស្រូវ​ទ្រង់ មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម ទ្រង់​នឹង​ដុត​ក្នុង​ភ្លើង​ដែល​ពន្លត់​មិន​បាន​វិញ។

13 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​យ៉ូហាន​ត្រង់​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់

14 តែ​យ៉ូហាន​ប្រកែក​ថា ដូច​ម្តេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ

15 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ចូរ​ធ្វើ​ម្តង​នេះ​ចុះ ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​យ៉ាង​ដូច្នេះ រួច​គាត់​ក៏​ព្រម​ធ្វើ

16 កាល​ព្រះ‌យេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់

17 នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នេះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់។