7 តែកាលគាត់ឃើញពួកផារីស៊ី និងពួកសាឌូស៊ី មកទទួលបុណ្យជ្រមុជពីគាត់ជាច្រើនដែរ នោះក៏សួរគេថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ ឲ្យអ្នករាល់គ្នារត់ចេញ ពីសេចក្ដីក្រោធដែលត្រូវមកដូច្នេះ
8 បើយ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផល ដែលសំណំនឹងសេចក្ដីប្រែចិត្តនោះចុះ
9 ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
10 ប៉ុន្តែ ឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង
11 ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្ដីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ
12 ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវទ្រង់ មកដាក់ក្នុងជង្រុក តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបានវិញ។
13 នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់