9 ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ
10 ប៉ុន្តែ ឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង
11 ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្ដីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ
12 ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវទ្រង់ មកដាក់ក្នុងជង្រុក តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបានវិញ។
13 នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់
14 តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ
15 ព្រះយេស៊ូវមានព្រះបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្ដីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ