21 លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហាន ជាប្អូន ដែលនៅក្នុងទូកជាមួយនឹងសេបេដេ ជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានព្រះបន្ទូលហៅអ្នកទាំង២នោះមក
22 គេក៏លះបង់ទូក និងឪពុក ដើរតាមទ្រង់ជាមួយរំពេចទៅ។
23 ព្រះយេស៊ូវទ្រង់យាងគ្រប់សព្វក្នុងស្រុកកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរ ព្រមទាំងប្រោសជំងឺគ្រប់មុខ និងអស់ទាំងជរាពិការ ក្នុងពួកបណ្តាជនឲ្យជាផង
24 ដំណឹងពីទ្រង់បានឮសុសសាយទួទៅ ពេញក្នុងស្រុកស៊ីរី គេក៏នាំអស់ទាំងមនុស្សដែលមានជំងឺរោគាគ្រាំគ្រាផ្សេងៗ ទាំងមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មកឯទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យបានជាទាំងអស់គ្នា
25 មានមនុស្សកកកុញជាប់តាមទ្រង់ គឺជាមនុស្សដែលមកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ពីក្រុងយេរូសាឡិម ពីស្រុកយូដា ហើយពីខាងនាយទន្លេយ័រដាន់។