ម៉ាថាយ 4:6-12 KHOV

6 បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​នៃ​ទ្រង់ ពី​ដំណើរ​អ្នក ទេវតា​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​លោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»

7 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា មាន​សេចក្ដី​ចែង​ទុក​ដូច្នេះ​ទៀត «កុំ​ឲ្យ​ឯង​ល្បួង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ»។

8 មួយ​ទៀត អារក្ស​បាន​នាំ​ទ្រង់​ទៅ​លើ​កំពូល​ភ្នំ​យ៉ាង​ខ្ពស់ ក៏​បង្ហាញ​អស់​ទាំង​នគរ​ក្នុង​លោកីយ៍ និង​សិរី​លំអ​របស់​នគរ​ទាំង​នោះ​ថ្វាយ​ទ្រង់​ទត

9 រួច​ទូល​ថា បើ​សិន​ជា​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ឲ្យ​របស់​ទាំង​នេះ​ដល់​អ្នក

10 នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា នែ សាតាំង ចូរ​ឯង​ថយ​ចេញ​ពី​អញ​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឯង​ត្រូវ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ»

11 ដូច្នេះ អារក្ស​ក៏​ថយ​ចេញ​ពី​ទ្រង់​ទៅ រួច​មាន​ពួក​ទេវតា​មក​បំរើ​ទ្រង់។

12 កាល​ព្រះ‌យេស៊ូវ​ឮ​ថា គេ​បាន​បញ្ជូន​យ៉ូហាន​ទៅ​ហើយ នោះ​ទ្រង់​យាង​ថយ​ទៅ គង់​នៅ​ឯ​ស្រុក​កាលី‌ឡេ​វិញ