20 ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្ដីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្ដីសុចរិតនៃពួកអាចារ្យ និងពួកផារីស៊ីទេ នោះអ្នករាល់គ្នានឹងចូល ទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ។
21 អ្នករាល់គ្នាបានឮសេចក្ដីដែលសំដែងដល់មនុស្សពីបុរាណ ថា«កុំឲ្យសំឡាប់មនុស្សឲ្យសោះ» បើអ្នកណាសំឡាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ
22 តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្តីឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក
23 ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក
24 នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ
25 ចូរឲ្យអ្នកជាស្រុះស្រួល នឹងអ្នកដើមចោទវិញជាប្រញាប់ ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅនាយភូមិឃុំ រួចអ្នកត្រូវជាប់គុក
26 ខ្ញុំប្រាប់អ្នកជាប្រាកដថា ដែលអ្នកនៅខ្វះតែ១សេន នឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចឡើយ។