ម៉ាថាយ 6:1-7 KHOV

1 ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ទាននៅ​មុខ​មនុស្ស ឲ្យ​តែ​គេ​ឃើញ​ឡើយ បើ​ធ្វើ​ដូច្នោះ នោះ​អ្នក​រាល់​គ្នា​គ្មាន​រង្វាន់ នៅ​នឹង​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌​ទេ

2 ដូច្នេះ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ផ្លុំ​ត្រែ​នៅ​មុខ​អ្នក ដូច​ពួក​មាន​ពុត ដែល​ប្រព្រឹត្ត​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​តាម​ផ្លូវ ដើម្បី​ឲ្យ​បាន​មនុស្ស​លោក​សរសើរ​ខ្លួន​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​គេ​ហើយ

3 ប៉ុន្តែ កាល​ណា​អ្នក​ធ្វើ​ទាន នោះ​កុំ​ឲ្យ​ដៃ​ឆ្វេង​ដឹង​ការ​ដែល​ដៃ​ស្តាំ​ធ្វើ​ឡើយ

4 ដើម្បី​ឲ្យ​អំពើ​ទាន​របស់​អ្នក បាន​ស្ងាត់​កំបាំង នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​សំងាត់ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់។

5 កាល​ណា​អ្នក​អធិស្ឋាន កុំ​ឲ្យ​ធ្វើ​ដូច​មនុស្ស​មាន​ពុត ដែល​ចូល​ចិត្ត​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ ហើយ​នៅ​ជ្រុង​ផ្លូវ ឲ្យ​មនុស្ស​លោក​ឃើញ​នោះ​ឡើយ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​រង្វាន់​របស់​គេ​ហើយ

6 តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់

7 ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន