22 ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ
23 តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូល នឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតហើយ ចុះសេចក្ដីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎។
24 គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ និងទ្រព្យសម្បត្តិផងបានទេ
25 ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី
26 ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី
27 ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្ដីខ្វល់ខ្វាយបានឬទេ
28 ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអ្វី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ