ម៉ាថាយ 6:6-12 KHOV

6 តែ​ឯ​អ្នក កាល​ណា​អធិស្ឋាន នោះ​ត្រូវ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ រួច​អធិស្ឋាន​ដល់​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ទី​លាក់​កំបាំង​ចុះ នោះ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់

7 ហើយ​កាល​ណា​អធិស្ឋាន នោះ​កុំ​ឲ្យ​ពោល​ពាក្យ​ឥត​ប្រយោជន៍​ផ្ទួនៗ ដូច​ពួក​សាសន៍​ដទៃ​ឡើយ ដ្បិត​គេ​ស្មាន​ថា ព្រះ​ទ្រង់​នឹង​ស្តាប់​គេ ដោយ​គេ​ពោល​ពាក្យ​ជា​ច្រើន

8 ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​គេ​ឡើយ ដ្បិត​ព្រះ‌វរ‌បិតា​នៃ​អ្នក ទ្រង់​ជ្រាប​នូវ​របស់​អ្វី​ដែល​អ្នក​ត្រូវ​ការ មុន​ដែល​អ្នក​សូម​ផង

9 ដូច្នេះ ចូរ​អធិស្ឋាន​បែប​យ៉ាង​នេះ​វិញ​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌​អើយ សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​បរិសុទ្ធ

10 សូម​ឲ្យ​រាជ្យ​ទ្រង់​បាន​មក​ដល់ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន‌សួគ៌​ដែរ

11 សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ

12 សូម​អត់​ទោស​សេចក្ដី​កំហុស​របស់​យើង​ខ្ញុំ ដូច​ជា​យើង​ខ្ញុំ​បាន​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ