ម៉ាថាយ 7:6-12 KHOV

6 កុំ​ឲ្យ​របស់​បរិសុទ្ធ​ដល់​ឆ្កែ ឬ​បោះ​កែវ‌មុក្តា​របស់​ខ្លួន នៅ​មុខ​ជ្រូក​ឡើយ ក្រែង​វា​ជាន់​ឈ្លី រួច​ត្រឡប់​ស្ទុះ​មក​ខ្វេះ​អ្នក​វិញ។

7 ចូរ​សូម នោះ​តែង​នឹង​ឲ្យ​មក​អ្នក ចូរ​រក នោះ​តែង​នឹង​ឃើញ ចូរ​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក

8 ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ

9 ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​កូន​សូម​នំបុ័ង តើ​មាន​អ្នក​ណា​នឹង​ឲ្យ​ថ្ម​ដល់​វា

10 ឬ​បើ​វា​សូម​ត្រី តើ​នឹង​ឲ្យ​ពស់​វិញ​ឬ​អី

11 ចុះ​បើ​អ្នក​រាល់​គ្នា​ដែល​អាក្រក់ អ្នក​ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​ខ្លួន​ដូច្នេះ នោះ​ចំណង​បើ​ព្រះ‌វរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ មក​អស់​អ្នក​ដែល​សូម តើ​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

12 ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក​ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ ដ្បិត​នេះ​ឯង​ជា​ក្រឹត្យ‌វិន័យ ហើយ​ជា​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា។