11 ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត និងទិសខាងលិច មកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌
12 តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោល ទៅក្នុងសេចក្ដីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ
13 រួចទ្រង់មានព្រះបន្ទូលទៅមេទ័ពនោះថា ចូរទៅចុះ ឲ្យបានដូចសេចក្ដីជំនឿរបស់អ្នកចុះ បាវគាត់ក៏បានជានៅវេលានោះឯង។
14 លុះព្រះយេស៊ូវ ទ្រង់យាងទៅក្នុងផ្ទះរបស់ពេត្រុសហើយ នោះឃើញម្តាយក្មេកគាត់កំពុងតែដេកគ្រុន
15 រួចទ្រង់ពាល់ដៃនាង នោះគ្រុនក៏បាត់ទៅ ហើយនាងក្រោកឡើងបំរើទ្រង់។
16 ដល់ពេលព្រលប់ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមកឯទ្រង់ ហើយទ្រង់ក៏ដេញអារក្សដោយសារព្រះបន្ទូល ឯអស់អ្នកដែលមានជំងឺរោគា ទ្រង់បានប្រោសឲ្យជាគ្រប់គ្នាដែរ
17 ដើម្បីឲ្យបានសំរេច តាមទំនាយដែលហោរាអេសាយ បានទាយទុកមកថា «ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់»។