4 រួចព្រះយេស៊ូវទ្រង់ហាមថា នែ កុំប្រាប់អ្នកឯណាឲ្យសោះ ត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយដង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ។
5 កាលព្រះយេស៊ូវ ទ្រង់បានយាងចូលទៅក្រុងកាពើណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា
6 ព្រះអម្ចាស់អើយ បាវទូលបង្គំវាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់
7 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ខ្ញុំនឹងទៅប្រោសឲ្យជា
8 តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ
9 ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ បើទូលបង្គំប្រាប់ទៅម្នាក់ថា ទៅ នោះវាក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះ នោះវាក៏ធ្វើតាម
10 កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្ដីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានព្រះបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង