ម៉ាថាយ 9:16-22 KHOV

16 គ្មាន​អ្នក​ណា​ដែល​យក​កំណាត់​សំពត់​ថ្មី មក​ប៉ះ​អាវ​ចាស់​ទេ ដ្បិត​កំណាត់​ថ្មី​នោះ នឹង​ហែក​អាវ​ចាស់​ចេញ ហើយ​រំហែក​នោះ​នឹង​រឹង​រឹត​តែ​អាក្រក់​ជាង​ទៅ​ទៀត

17 ក៏​មិន​ដែល​មាន​អ្នក​ណា​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ចាស់​ដែរ បើ​ធ្វើ​ដូច្នោះ ថង់​ស្បែក​នឹង​ធ្លាយ ហូរ​ស្រា​ទំពាំង‌បាយ‌ជូរ​ចេញ​អស់ ហើយ​ទាំង​ថង់​នោះ​ក៏​ត្រូវ​ខូច​ខាត​ដែរ គឺ​គេ​តែង​ដាក់​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក្នុង​ថង់​ស្បែក​ថ្មី​វិញ នោះ​ទើប​ទាំង​២​បាន​គង់​នៅ។

18 កំពុង​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​គេ ពី​ដំណើរ​ទាំង​នោះ ស្រាប់​តែ​មាន​មេ​សាលា​ម្នាក់ មក​ក្រាប​ថ្វាយ‌បង្គំ​ទូល​ថា កូន​ស្រី​របស់​ទូល‌បង្គំ​ទើប​នឹង​ស្លាប់​អម្បាញ់‌មិញ សូម​ទ្រង់​មេត្តា​យាង​ទៅ​ដាក់​ព្រះ‌ហស្ត​លើ​វា នោះ​វា​នឹង​រស់​ឡើង​វិញ

19 ព្រះ‌យេស៊ូវ​ក៏​ក្រោក​ឡើង យាង​ទៅ​តាម ព្រម​ទាំង​ពួក​សិស្ស​ទ្រង់​ដែរ

20 រីឯ​មាន​ស្ត្រី​ម្នាក់ នាង​មាន​ជំងឺ​ធ្លាក់​ឈាម​អស់​១២​ឆ្នាំ​មក​ហើយ នាង​បាន​ចូល​មក​ពី​ក្រោយ ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់

21 ដោយ​គិត​ក្នុង​ចិត្ត​ថា បើ​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ

22 ឯ​ព្រះ‌យេស៊ូវ ទ្រង់​បែរ​ទៅ​ឃើញ​នាង ក៏​មាន​ព្រះ‌បន្ទូល​ថា ចូរ​សង្ឃឹម​ឡើង កូន​អើយ សេចក្ដី​ជំនឿ​របស់​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ នាង​ក៏​ជា ចាប់​តាំង​ពី​វេលា​នោះ​មក