19 ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាម ព្រមទាំងពួកសិស្សទ្រង់ដែរ
20 រីឯមានស្ត្រីម្នាក់ នាងមានជំងឺធ្លាក់ឈាមអស់១២ឆ្នាំមកហើយ នាងបានចូលមកពីក្រោយ ពាល់ជាយព្រះពស្ត្រទ្រង់
21 ដោយគិតក្នុងចិត្តថា បើគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ
22 ឯព្រះយេស៊ូវ ទ្រង់បែរទៅឃើញនាង ក៏មានព្រះបន្ទូលថា ចូរសង្ឃឹមឡើង កូនអើយ សេចក្ដីជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ នាងក៏ជា ចាប់តាំងពីវេលានោះមក
23 រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលា បានឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សសន្ធឹកកំពុងតែឆោឡោ
24 នោះទ្រង់មានព្រះបន្ទូលថា ចូរថយចេញទៅ ដ្បិតនាងក្រមុំនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ តែគេសើចចំអកឲ្យទ្រង់
25 លុះបណ្តេញមនុស្សទាំងនោះ ទៅក្រៅអស់ហើយ នោះទ្រង់យាងចូលទៅចាប់ដៃនាង រួចនាងក៏ក្រោកឡើង