ម៉ាថាយ 9:25-31 KHOV

25 លុះ​បណ្តេញ​មនុស្ស​ទាំង​នោះ ទៅ​ក្រៅ​អស់​ហើយ នោះ​ទ្រង់​យាង​ចូល​ទៅ​ចាប់​ដៃ​នាង រួច​នាង​ក៏​ក្រោក​ឡើង

26 រឿង​នោះ​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ទួទៅ ពេញ‌ពាស​ក្នុង​ស្រុក​នោះ​ឯង។

27 កំពុង​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ទី​នោះ​ទៅ នោះ​មាន​មនុស្ស​ខ្វាក់​២​នាក់​តាម​ទ្រង់ ទាំង​ស្រែក​ថា ឱ​ព្រះ‌រាជ‌បុត្រា​ហ្លួង​ដាវីឌ​អើយ សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង

28 កាល​បាន​យាង​ចូល​ទៅ​ក្នុង​ផ្ទះ នោះ​អ្នក​ខ្វាក់​ទាំង​២​ក៏​មក​ឯ​ទ្រង់ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ អ្នក​ទាំង​២​ទូល​ថា ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ

29 នោះ​ទ្រង់​ក៏​ពាល់​ភ្នែក​គេ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​បាន​ដូច​សេចក្ដី​ជំនឿ​របស់​អ្នក​ចុះ

30 ភ្នែក​គេ​ក៏​បាន​ភ្លឺ​ឡើង រួច​ទ្រង់​ហាម​ផ្តាច់​ថា នែ កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឲ្យ​សោះ​ហ្នះ

31 តែ​កាល​គេ​ចេញ​ទៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​ពី​ទ្រង់ សុស​សាយ​ពេញ​ក្នុង​ស្រុក​នោះ។