1 អ័ប៊ីយ៉ាទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអេសា ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យ ជំនួសព្រះបិតា ហើយនៅក្នុងរាជ្យរបស់ទ្រង់ នោះស្រុកបានស្ងៀមស្ងប់អស់១០ឆ្នាំ។
2 ឯអេសាទ្រង់ប្រព្រឹត្តសេចក្ដីដែលល្អ ហើយត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់
3 ដ្បិតទ្រង់បំបាត់អស់ទាំងអាសនាដទៃ និងទីខ្ពស់ទាំងប៉ុន្មាន ឲ្យសូន្យចេញ ក៏បំបាក់បំបែកបង្គោលថ្មដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះបង់
4 ទ្រង់ក៏បង្គាប់ដល់ពួកយូដា ឲ្យគេស្វែងរកព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ហើយឲ្យប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តទាំងប៉ុន្មានដែរ