២ របាក្សត្រ 17 KHOV

ស្តេច​យ៉ូសា‌ផាត​សោយ‌រាជ្យ​នៅ​ស្រុក​យូដា

1 រួច​យ៉ូសា‌ផាត ជា​ព្រះ‌រាជ‌បុត្រា ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា ទ្រង់​ក៏​ចំរើន​កំឡាំង​ឡើង ទាស់​នឹង​ពួក​អ៊ីស្រា‌អែល

2 ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា និង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រា‌អិម​ជា​ទី​ក្រុង​ដែល​អេសា​ព្រះ‌បិតា​ទ្រង់​ចាប់​យក​បាន​ដែរ

3 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​នៅ​ជា​មួយ​នឹង​យ៉ូសា‌ផាត ពី​ព្រោះ​ស្តេច​បាន​ប្រព្រឹត្ត តាម​អស់​ទាំង​ផ្លូវ​ដើម​របស់​ដាវីឌ ជា​អយ្យកោ​ទ្រង់ ឥត​រក​តាម​ព្រះ‌បាល​ឡើយ

4 គឺ​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​ពួក​អយ្យកោ​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់​វិញ ឥត​ធ្វើ​តាម​អំពើ​របស់​សាសន៍​អ៊ីស្រា‌អែល​ឡើយ

5 ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​តាំង​រាជ្យ ឲ្យ​មាំ‌មួន​ក្នុង​អំណាច​យ៉ូសា‌ផាត ហើយ​ពួក​យូដា​ទាំង​អស់​គ្នា​ក៏​នាំ​យក​គ្រឿង​បណ្តា‌ការ​មក​ថ្វាយ​ស្តេច ទ្រង់​មាន​ព្រះ‌រាជ​ទ្រព្យ និង​កិត្តិយស​ជា​បរិបូរ

6 ព្រះ‌ទ័យ​ទ្រង់​បាន​តាំង​ឡើង ក្នុង​អស់​ទាំង​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា មួយ​ទៀត ទ្រង់​ក៏​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​រូប​ព្រះ​ចេញ​ពី​ស្រុក​យូដា​ទៅ។

7 នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​ទ្រង់ នោះ​ទ្រង់​ចាត់​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គឺ​បេន-ហែល និង​អូបាឌា សាការី នេថា‌នេល ហើយ​មីកាយ៉ា ឲ្យ​ទៅ​បង្ហាត់​បង្រៀន​ក្នុង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​យូដា

8 ព្រម​ទាំង​ពួក​លេវី​ឲ្យ​ទៅ​ជា​មួយ​ដែរ គឺ​សេម៉ាយ៉ា នេថានា សេបាឌា អេសា‌អែល សេមី‌រ៉ាម៉ូត យ៉ូណា‌ថាន អ័ដូ‌នីយ៉ា ថូប៊ីយ៉ា និង​ថូប-អ័ដូ‌នីយ៉ា ដែល​សុទ្ធ​តែ​ពួក​លេវី និង​អេលី‌សាម៉ា ហើយ​យ៉ូរ៉ាម ជា​ពួក​សង្ឃ ឲ្យ​ទៅ​ជា​មួយ​នឹង​គេ

9 ពួក​អ្នក​ទាំង​នោះ ក៏​បង្ហាត់​បង្រៀន​នៅ​ស្រុក​យូដា មាន​ទាំង​គម្ពីរ​ក្រឹត្យ‌វិន័យ​នៃ​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​ផង គេ​នាំ​គ្នា​ដើរ​ចុះ​ឡើង ដល់​គ្រប់​ទី​ក្រុង​នៅ​ស្រុក​យូដា បង្រៀន​ដល់​បណ្តា‌ជន។

អំណាច​របស់​ស្តេច​យ៉ូសា‌ផាត

10 សេចក្ដី​ស្ញែង‌ខ្លាច របស់​ព្រះ‌យេហូវ៉ា ក៏​មក​គ្រប​សង្កត់​លើ​អស់​ទាំង​នគរ នៅ​ជុំវិញ​ស្រុក​យូដា ហើយ​គេ​មិន​ហ៊ាន​លើក​គ្នា​មក​ច្បាំង​នឹង​យ៉ូសា‌ផាត​ទេ

11 មាន​ពួក​ភីលីស្ទីន​ខ្លះ នាំ​យក​គ្រឿង​បណ្តា‌ការ​មក​ថ្វាយ​យ៉ូសា‌ផាត​ព្រម​ទាំង​ប្រាក់​ទុក​ជា​សួយ‌អាករ​ផង ឯ​ពួក​អារ៉ាប់ គេ​ក៏​នាំ​យក​ហ្វូង​សត្វ​មក​ថ្វាយ​ដែរ គឺ​ចៀម​ឈ្មោល​៧​ពាន់​៧​រយ និង​ពពែ​ឈ្មោល​៧​ពាន់​៧​រយ

12 យ៉ូសា‌ផាត​ទ្រង់​បាន​ចំរើន​ឡើង​ជា​ធំ​ក្រៃលែង ទ្រង់​ក៏​សង់​ដំណាក់ និង​ទី​ក្រុង​សំរាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា

13 ទ្រង់​មាន​ក្រសួង​ការ‌ងារ​ជា​ច្រើន នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​មាន​មនុស្ស​ថ្នឹក​ចំបាំង និង​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​នៅ​ក្រុង​យេរូ‌សាឡិម

14 តាម​ជំនួរ​វង្ស​របស់​ឪពុក​គេ នោះ​មាន​ចំនួន​ដូច​ខាង​ក្រោម​នេះ គឺ​ខាង​ពួក​យូដា ក្នុង​ពួក​មេ‌ទ័ព​ធំ មាន​អ័ឌណា ជា​មេ នៅ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​៣​សែន​នាក់

15 បន្ទាប់​មក​មាន​យ៉ូហា‌ណាន​ជា​មេ នៅ​ក្រោម​បង្គាប់​លោក​មាន​២​សែន​៨​ម៉ឺន​នាក់

16 បន្ទាប់​មក​ទៀត មាន​អ័ម៉ា‌ស៊ីយ៉ា ជា​កូន​ស៊ីកគ្រី ដែល​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​ស្ម័គ្រ​ពី​ចិត្ត ហើយ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ចំនួន​២​សែន​នាក់

17 ខាង​ពួក​បេន‌យ៉ា‌មីន មាន​អេលី‌យ៉ាដា ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ក្រោម​បង្គាប់​លោក មាន​មនុស្ស​កាន់​ធ្នូ និង​ខែល​២​សែន​នាក់

18 បន្ទាប់​មក​មាន​យ៉ូសា‌បាឌ ហើយ​ក្រោម​បង្គាប់​លោក​មាន​មនុស្ស​១​សែន​៨​ម៉ឺន​នាក់ ដែល​ប្រុង‌ប្រៀប​នឹង​ទៅ​ច្បាំង​ជា​ស្រេច

19 គឺ​អ្នក​ទាំង​នេះ​ហើយ ដែល​ចាំ​ទទួល​បំរើ​ស្តេច ពួក​ទាំង​នេះ​ក៏​លើស​ពី​ពួក ដែល​ស្តេច​បាន​ដាក់​ឲ្យ​នៅ​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​ពេញ​ក្នុង​អាណា‌ខែត្រ​យូដា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36