1 លុះកន្លងទៅបាន២០ឆ្នាំហើយ គឺអស់ពេលដែលសាឡូម៉ូនកំពុងតែស្អាងព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងដំណាក់របស់ទ្រង់
2 នោះទ្រង់ក៏សង់អស់ទាំងទីក្រុងឡើងជាទីក្រុងដែលហ៊ីរ៉ាមបានប្រគល់មកវិញ ហើយឲ្យពួកកូនចៅអ៊ីស្រាអែល អាស្រ័យនៅក្នុងទីក្រុងទាំងនោះ។
3 សាឡូម៉ូនទ្រង់ចេញទៅច្បាំង ហើយយកបានក្រុងហាម៉ាត-សូបា
4 ក៏សង់ក្រុងថាត់ម៉ោរ នៅទីរហោស្ថាន និងអស់ទាំងទីក្រុងសំរាប់ជាឃ្លាំង ដែលទ្រង់បានធ្វើនៅស្រុកហាម៉ាតនោះដែរ
5 ទ្រង់ក៏សង់ក្រុងបេត-ហូរ៉ុនខាងលើ និងខាងក្រោម ជាទីក្រុងមានបន្ទាយ ហើយមានកំផែង មានទ្វារ និងរនុកផង
6 ព្រមទាំងក្រុងប្អាឡាត និងអស់ទាំងទីក្រុង សំរាប់ជាឃ្លាំងរបស់សាឡូម៉ូន ហើយទីក្រុងសំរាប់រទេះចំបាំង និងទីក្រុងសំរាប់ពលសេះទ្រង់ ព្រមទាំងអ្វីៗដែលស្តេចប្រាថ្នាចង់ធ្វើ សំរាប់ជាទីគាប់ព្រះទ័យ នៅក្រុងយេរូសាឡិម នៅភ្នំល្បាណូន ហើយនៅគ្រប់ក្នុងស្រុកដែលនៅក្រោមអំណាចទ្រង់ផង។
7 ឯពួកជនទាំងប៉ុន្មាន ដែលសល់ពីពួកសាសន៍ហេត សាសន៍អាម៉ូរី សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដែលមិនមែនជាពូជអ៊ីស្រាអែល
8 ព្រមទាំងពួកកូនចៅគេ ដែលសល់នៅក្នុងស្រុក គឺដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញបង់ នោះសាឡូម៉ូនទ្រង់បានកេណ្ឌទុកជាបាវបំរើ ដរាបដល់សព្វថ្ងៃនេះ
9 តែទ្រង់មិនបានយកអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឲ្យធ្វើជាអ្នកបំរើសំរាប់ការទ្រង់ទេ គេសុទ្ធតែជាមនុស្សចំបាំង និងជាមេលើពួកមេទ័ព ជានាយត្រួតលើរទេះចំបាំង និងពួកពលសេះរបស់ទ្រង់វិញ
10 ឯពួកមេទ័ពធំរបស់ស្តេចសាឡូម៉ូន ទាំងអស់មាន២៥០នាក់ ដែលត្រួតត្រាលើពួកទ័ព។
11 រួចមក សាឡូម៉ូនទ្រង់នាំព្រះរាជបុត្រីផារ៉ោនចេញពីក្រុងដាវីឌ ឡើងមកឯដំណាក់ដែលទ្រង់បានសង់សំរាប់ព្រះនាង ដ្បិតទ្រង់នឹកថា ប្រពន្ធរបស់អញមិនត្រូវនៅក្នុងដំណាក់នៃដាវីឌ ជាស្តេចសាសន៍អ៊ីស្រាអែលទេ ពីព្រោះទីកន្លែងដែលហឹបនៃព្រះយេហូវ៉ា បានចូលមកទាំងនោះសុទ្ធតែបរិសុទ្ធទាំងអស់។
12 គ្រានោះ សាឡូម៉ូនទ្រង់ថ្វាយដង្វាយដុត ដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលទ្រង់បានស្អាង នៅមុខបាំងសាច
13 តាមកំណត់ដែលត្រូវការរាល់តែថ្ងៃ គឺថ្វាយឲ្យត្រូវនឹងក្រឹត្យក្រមរបស់លោកម៉ូសេ ទាំងថ្ងៃឈប់សំរាក ថ្ងៃចូលខែ និងថ្ងៃបុណ្យមានកំណត់ ៣ដងក្នុង១ឆ្នាំ ជាបុណ្យនំបុ័ងឥតដំបែ បុណ្យអាទិត្យទី៧ និងនៅបុណ្យបារាំ
14 ទ្រង់ក៏ដំរូវវេនពួកសង្ឃ ឲ្យគេបានធ្វើការងារតាមច្បាប់ ដែលដាវីឌ ជាព្រះបិតាទ្រង់ បានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេ សំរាប់នឹងពោលសរសើរ ហើយនឹងធ្វើជាជំនួយដល់ពួកសង្ឃ តាមត្រូវការរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ដែរ តាមវេនគេនៅរាល់តែទ្វារ ដ្បិតដាវីឌជាអ្នកសំណប់របស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ
15 ហើយគេមិនបានធ្វើខុសពីច្បាប់របស់ស្តេច ដែលទ្រង់បានបង្គាប់ដល់ពួកសង្ឃ និងពួកលេវី ចំពោះការអ្វី ឬខាងឯទ្រព្យវិសេសណាឡើយ។
16 រីឯការទាំងអស់ដែលសាឡូម៉ូនបានធ្វើ នោះសុទ្ធតែបានធ្វើទុកជាស្រេច តាំងពីថ្ងៃដែលគេដាំឫសជញ្ជាំងនៃព្រះវិហារព្រះយេហូវ៉ា រហូតដល់បានហើយ ដូច្នេះ ព្រះវិហារនៃព្រះយេហូវ៉ាបានស្អាងឡើងជាស្រេច។
17 រួចមក សាឡូម៉ូនទ្រង់យាងទៅឯក្រុងអេស៊ាន-គេប៊ើរ និងក្រុងអេឡុត នៅមាត់សមុទ្រ ក្នុងស្រុកអេដំម
18 ចំណែកឯហ៊ីរ៉ាមទ្រង់ផ្ញើសំពៅមក ដោយសារពួកទ្រង់ ព្រមទាំងពួកអ្នកដែលស្គាល់ភាពសមុទ្រ ដល់សាឡូម៉ូន អ្នកទាំងនោះ ក៏ទៅជាមួយនឹងពួករបស់សាឡូម៉ូន ដល់ស្រុកអូភារ ហើយគេយកបានមាស៤៥០ហាប ពីស្រុកនោះមកថ្វាយដល់ស្តេចសាឡូម៉ូន។