២ របាក្សត្រ 10 KHOV

ប្រវត្តិ‌សាស្ត្រ​នៃ​រាជា‌ណា‌ចក្រ​យូដា ចាប់​ពី​គ្រា​បែង​ចែក​ស្រុក រហូត​ដល់​គ្រា​ស្តេច​ស្រុក​បាប៊ី‌ឡូន​កៀរ​ប្រជា‌ជន​ទៅ​ជា​ឈ្លើយ

ប្រជា‌ជន​ជួប‌ជុំ​គ្នា​នៅ​ស៊ីគែម

1 ឯ​រេហូ‌បោម ទ្រង់​យាង​ទៅ​ដល់​ក្រុង​ស៊ីគែម ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​មូល​មក​ឯ​ក្រុង​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច

2 រីឯ​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​នៅ​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​បាន​រត់​ទៅ ឲ្យ​រួច​ពី​ស្តេច​សាឡូ‌ម៉ូន កាល​បាន​ឮ​ដំណឹង​នោះ លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​វិញ

3 ហើយ​គេ​ចាត់​ទៅ​ហៅ​លោក​មក រួច​លោក និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​មក​គាល់​រេហូ‌បោម​ទូល​ថា

4 ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពេក ដូច្នេះ សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​ការ​តឹង‌រ៉ឹង​របស់​ព្រះ‌បិតា​ទ្រង់ និង​នឹម​យ៉ាង​ធ្ងន់ ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំ​បាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់

5 ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចាំ​៣​ថ្ងៃ​ទៀត សូម​ត្រឡប់​មក​ឯ​យើង​វិញ បណ្តា‌ជន​ទាំង‌ឡាយ​ក៏​បង្គំ​លា​ទៅ។

6 ស្តេច​រេហូ‌បោម ទ្រង់​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូ‌ម៉ូន ព្រះ‌បិតា​ទ្រង់ ក្នុង​កាល​ដែល​មាន​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​អ្នក​រាល់​គ្នា នោះ​តើ​ត្រូវ​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច

7 គេ​ក៏​ទូល​ឆ្លើយ​ថា បើ‌សិន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​បណ្តា‌ជន​នេះ ដោយ​សប្បុរស ហើយ​ផ្គាប់​ដល់​ចិត្ត​គេ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​នឹង​គេ ដោយ​ពាក្យ​ផ្អែម‌ល្ហែម នោះ​គេ​នឹង​នៅ​ជា​អ្នក​បំរើ​របស់​ទ្រង់​ជា​ដរាប​ទៅ

8 ប៉ុន្តែ​ទ្រង់​មិន​ព្រម​តាម​គំនិត​នៃ​ពួក​ចាស់ៗ​ទាំង​នោះ​ទេ គឺ​ទ្រង់​ទៅ​ប្រឹក្សា​នឹង​ពួក​ក្មេងៗ​ស្រករ​នឹង​ទ្រង់ ជា​ពួក​ជំនិត​របស់​ទ្រង់​វិញ

9 ដោយ​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​គិត​យ៉ាង​ណា តើ​ត្រូវ​ឲ្យ​យើង​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​ដូច​ម្តេច ដែល​គេ​បាន​សូម​យើង​ថា សូម​មេត្តា​ប្រោស ឲ្យ​នឹម​ដែល​ព្រះ‌បិតា​ទ្រង់​បាន​ដាក់​លើ​យើង​រាល់​គ្នា​បាន​ស្រាល​ទៅ

10 រួច​ពួក​ក្មេងៗ​ដែល​ស្រករ​នឹង​ទ្រង់ គេ​ទូល​ថា ឯ​ពួក​រាស្ត្រ​នេះ​ដែល​មក​ទូល​សូម​ទ្រង់​ថា ព្រះ‌បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​រាល់​គ្នា​ធ្ងន់​ពេក សូម​ទ្រង់​មេត្តា​ប្រោស​ឲ្យ​បាន​ស្រាល​ដល់​យើង​ខ្ញុំ​វិញ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​គេ​យ៉ាង​នេះ​វិញ​ថា កូន​ដៃ​យើង​នឹង​បាន​ធំ​ជាង​ភ្លៅ​របស់​ព្រះ‌បិតា​យើង

11 ឯ​ព្រះ‌បិតា​យើង ទ្រង់​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់ លើ​ឯង​រាល់​គ្នា តែ​ឥឡូវ​នេះ យើង​នឹង​បន្ថែម ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត ព្រះ‌បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា‌ដំរី​វិញ។

12 លុះ​ដល់​ថ្ងៃ​ទី​៣ យេរ៉ូ‌បោម និង​បណ្តា‌ជន​ទាំង‌ឡាយ ក៏​មក​គាល់​រេហូ‌បោម ដូច​ជា​ទ្រង់​បង្គាប់ ដោយ​ព្រះ‌បន្ទូល​ថា ដល់​ថ្ងៃ​ទី​៣ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​មក​ឯ​យើង​វិញ

13 នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ដល់​គេ ជា​ពាក្យ​គំរោះ‌គំរើយ ឥត​តាម​គំនិត​របស់​ពួក​ចាស់ៗ​ឡើយ

14 គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ តាម​គំនិត​របស់​ពួក​ក្មេងៗ​នោះ​វិញ​ថា បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ‌ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ‌ផ្ចាល​ឯង​រាល់​គ្នា ដោយ​ខ្យា‌ដំរី​វិញ

15 ស្តេច​ទ្រង់​មិន​ព្រម​ស្តាប់​តាម​បណ្តា‌ជន​ទេ ដ្បិត​ការ​នោះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ីយ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ។

អាណា‌ចក្រ​អ៊ីស្រា‌អែល​បែក​ជា​ពីរ ស្តេច​រេហូ‌បោម​សោយ‌រាជ្យ​លើ​ស្រុក​យូដា

16 លុះ​កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​តប​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ​អើយ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ

17 តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា​នោះ​រេហូ‌បោម​បាន​សោយ‌រាជ្យ​លើ​គេ​វិញ

18 រួច​មក​ស្តេច​រេហូ‌បោម ទ្រង់​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ចោល​លោក​នឹង​ថ្ម​សំឡាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់​នឹង​ឡើង​ព្រះ‌រាជ‌រថ រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម

19 គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ​វង្ស​នៃ​ដាវីឌ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36