២ របាក្សត្រ 9 KHOV

ព្រះ‌មហា‌ក្សត្រិ‌យានី​ស្រុក​សេបា​យាង​មក​គាល់​ស្តេច​សាឡូ‌ម៉ូន

1 កាល​មហា‌ក្សត្រី​នៃ​ស្រុក​សេបា​បាន​ឮ​កិត្តិ‌នាម​របស់​សាឡូ‌ម៉ូន នោះ​ព្រះ‌នាង​ក៏​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម​ដើម្បី​ល្បង​សាឡូ‌ម៉ូន ដោយ​ប្រស្នា មាន​មនុស្ស​ដង្ហែ​មក​យ៉ាង​សន្ធឹក ក៏​មាន​សត្វ​អូដ្ឋ​ជា​ច្រើន ផ្ទុក​ដោយ​គ្រឿង​ក្រអូប និង​មាស​ជា​បរិបូរ ហើយ​ត្បូង​មាន​ដំឡៃ​ផង លុះ​កាល​ព្រះ‌នាង​ចូល​មក​គាល់​សាឡូ‌ម៉ូន​ហើយ នោះ​ក៏​មាន​សវនីយ៍​សន្ទនា​នឹង​ទ្រង់ ពី​គ្រប់​ទាំង​សេចក្ដី​ដែល​មាន​នៅ​ក្នុង​ព្រះ‌ទ័យ

2 ឯ​សាឡូ‌ម៉ូន ទ្រង់​ក៏​ឆ្លើយ​ស្រាយ​ន័យ​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌នាង​សួរ ឥត​មាន​អ្វី​លាក់​កំបាំង ដែល​ទ្រង់​មិន​បាន​ស្រាយ​ន័យ ថ្វាយ​ព្រះ‌នាង​នោះ​ទេ

3 កាល​មហា‌ក្សត្រី​ស្រុក​សេបា បាន​ឃើញ​ប្រាជ្ញា របស់​សាឡូ‌ម៉ូន និង​ដំណាក់​ដែល​ទ្រង់​បាន​ធ្វើ

4 ព្រម​ទាំង​ព្រះ‌ស្ងោយ​នៅ​លើ​តុ​ទ្រង់ ទី​លំនៅ​របស់​ពួក​បំរើ​ទ្រង់ សណ្ឋាន​ពួក​បរិវារ​របស់​ទ្រង់ និង​គ្រឿង​តែង​កាយ​របស់​គេ ហើយ​ពួក​បំរើ​ថ្វាយ​ពែង​របស់​ទ្រង់ និង​សំលៀក‌បំពាក់​របស់​គេ ហើយ​នឹង​ដង្វាយ​ដុត ដែល​ទ្រង់​ថ្វាយ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌នាង​ក៏​ភាំង​ស្មារតី

5 រួច​មាន​សវនីយ៍​ទៅ​ស្តេច​ថា ពាក្យ​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​និយាយ នៅ​ស្រុក​ខ្ញុំ​ម្ចាស់ ពី​ព្រះ‌រាជ‌កិច្ច និង​ប្រាជ្ញា​របស់​ទ្រង់ នោះ​ក៏​ពិត​ប្រាកដ​មែន

6 ប៉ុន្តែ​ខ្ញុំ​ម្ចាស់​មិន​បាន​ជឿ​ទេ លុះ​ត្រា​តែ​បាន​មក​ឃើញ នឹង​ភ្នែក​ខ្លួន​ឯង ហើយ​មើល ដំណឹង​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ ពី​ប្រាជ្ញា​ដ៏​ជា​ធំ​របស់​ទ្រង់​នោះ គេ​ថ្លែង​ប្រាប់​មិន​ដល់​ត្រឹម​ទាំង​ពាក់​កណ្តាល​ផង ទ្រង់​លើស​ហួស​ពី​កិត្តិ‌នាម​ដែល​ខ្ញុំ​ម្ចាស់​បាន​ឮ​ទៅ​ទៀត

7 មាន​ពរ​ហើយ ពួក​ទ្រង់ និង​ពួក​អ្នក​បំរើ​នេះ ដែល​ឈរ​នៅ​ចំពោះ​ទ្រង់​ជានិច្ច ទាំង​ស្តាប់​ប្រាជ្ញា​របស់​ទ្រង់

8 សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​បាន​ព្រះ‌ពរ​ដែល​ទ្រង់​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ព្រះ‌ករុណា ដើម្បី​នឹង​លើក​ព្រះ‌ករុណា​ឡើង ឲ្យ​គង់​លើ​បល្ល័ង្ក‌រាជ្យ ធ្វើ​ជា​ស្តេច​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ គឺ​ដោយ​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ស្រឡាញ់​សាសន៍​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​នឹង​តាំង​គេ​ឲ្យ​ខ្ជាប់‌ខ្ជួន​អស់​កល្ប‌ជានិច្ច បាន​ជា​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

9 រួច​ព្រះ‌នាង​ក៏​ថ្វាយ​មាស​១២០​ហាប ហើយ​គ្រឿង​ក្រអូប​យ៉ាង​សន្ធឹក ព្រម​ទាំង​ត្បូង​មាន​ដំឡៃ ដល់​ស្តេច មិន​ដែល​មាន​គ្រឿង​ក្រអូប​ណា ដូច​អស់​ទាំង​គ្រឿង​ក្រអូប ដែល​មហា‌ក្សត្រី​ស្រុក​សេបា បាន​ថ្វាយ​ដល់​ស្តេច​សាឡូ‌ម៉ូន​នោះ​ឡើយ។

10 រីឯ​ពួក​សំពៅ​របស់​ហ៊ីរ៉ាម និង​ពួក​របស់​សាឡូ‌ម៉ូន ដែល​នាំ​យក​មាស​ពី​ស្រុក​អូភារ​មក គេ​ក៏​យក​ឈើ​ច្ទ័នន៍ និង​ត្បូង​មាន​ដំឡៃ​មក​ផង​ដែរ

11 ស្តេច​ទ្រង់​យក​ឈើ​ច័ន្ទន៍​នោះ ធ្វើ​ជា​ភ្នាក់​ដៃ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​សំរាប់​ដំណាក់​ស្តេច ព្រម​ទាំង​ស៊ុង និង​ពិណ សំរាប់​ពួក​ចំរៀង​ផង ពី​ដើម​មិន​ដែល​ឃើញ​មាន​យ៉ាង​ដូច្នោះ នៅ​ក្នុង​ស្រុក​យូដា​ឡើយ

12 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ក៏​ប្រទាន​ដល់​មហា‌ក្សត្រី​ស្រុក​សេបា តាម​បំណង​ព្រះ‌ទ័យ​ព្រះ‌នាង គឺ​របស់​អ្វីៗ​ដែល​ព្រះ‌នាង​សូម លើស​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌នាង​បាន​ថ្វាយ​ដល់​ស្តេច ដូច្នេះ ព្រះ‌នាង ព្រម​ទាំង​ពួក​បរិវារ ក៏​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ​ទៅ។

រាជ​ទ្រព្យ​របស់​ស្តេច​សាឡូ‌ម៉ូន

13 រីឯ​មាស ដែល​មក​ដល់​សាឡូ‌ម៉ូន​ក្នុង​១​ឆ្នាំ នោះ​មាន​ទំងន់​៦៦៦​ហាប

14 ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​លក់​ដូរ​ថែម​ទៀត ហើយ​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ និង​ពួក​ចៅ‌ហ្វាយ​ស្រុក ក៏​យក​មាស និង​ប្រាក់​មក​ថ្វាយ​សាឡូ‌ម៉ូន​ដែរ

15 ស្តេច​សាឡូ‌ម៉ូន​ទ្រង់​ផែ​មាស​ធ្វើ​ខែល​យ៉ាង​ធំ​២០០ បាន​យក​មាស​៦០០​ដំឡឹង ដើម្បី​នឹង​ធ្វើ​ខែល​មួយៗ

16 ហើយ​ក៏​ផែ​មាស​ធ្វើ​ខែល​តូច​៣០០​ក្នុង​ខែ​មួយៗ​មាន​មាស​៣០០​ដំឡឹង រួច​តម្កល់​ទុក​ក្នុង​ដំណាក់​ល្បាណូន

17 មួយ​ទៀត ស្តេច​ទ្រង់​ធ្វើ​បល្ល័ង្ក​ភ្លុក​១​យ៉ាង​ធំ ស្រោប​ដោយ​មាស​សុទ្ធ

18 មាន​ជណ្តើរ​៦​ថ្នាក់​ឡើង​ទៅ​ឯ​បល្ល័ង្ក និង​កំណល់​កល់​ជើង​ធ្វើ​ពី​មាស ដែល​ជាប់​នឹង​បល្ល័ង្ក ក៏​មាន​កំណល់​ដៃ​ទាំង​សង​ខាង​ទី​អង្គុយ ហើយ​មាន​រូប​សិង្ហ​២​ឈរ​នៅ​ក្បែរ​កំណល់​ដៃ​នោះ

19 និង​រូប​សិង្ហ​១២ ឈរ​នៅ​ទាំង​សង​ខាង​នៃ​ថ្នាក់​ជណ្តើរ​ទាំង​៦​នោះ​ដែរ មិន​ដែល​បាន​ធ្វើ​បល្ល័ង្ក នៅ​ក្នុង​នគរ​ណា​ឲ្យ​ដូច​ឡើយ

20 អស់​ទាំង​ប្រដាប់​ដែល​សំរាប់​ឲ្យ​ស្តេច​សាឡូ‌ម៉ូន​សោយ​គ្រឿង​ទឹក នោះ​សុទ្ធ​តែ​ធ្វើ​ពី​មាស​ទាំង​អស់ ហើយ​អស់​ទាំង​ប្រដាប់‌ប្រដា នៅ​ដំណាក់​ល្បាណូន ក៏​ធ្វើ​ពី​មាស​សុទ្ធ​ដែរ នៅ​ក្នុង​រាជ្យ​នៃ​ស្តេច​សាឡូ‌ម៉ូន នោះ​ប្រាក់​មិន‌សូវ​មាន​ដំឡៃ​ប៉ុន្មាន​ទេ

21 ដ្បិត​ស្តេច​មាន​ក្រុម​នាវា ដែល​ទៅ​ឯ​តើស៊ីស ជា​មួយ​នឹង​ពួក​សំពៅ​របស់​ហ៊ីរ៉ាម ដឹក‌នាំ​មាស ប្រាក់ ភ្លុក ទោច និង​ក្ងោក មក​រាល់​តែ​៣​ឆ្នាំ​ត្រឡប់​មក​វិញ​ម្តង។

22 ដូច្នេះ ស្តេច​សាឡូ‌ម៉ូន​ទ្រង់​មាន​ព្រះ‌រាជ‌ទ្រព្យ និង​ប្រាជ្ញា​លើស​ជាង​អស់​ទាំង​ស្តេច​នៅ​ផែនដី

23 ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​រក​ចូល​ទៅ​គាល់​សាឡូ‌ម៉ូន ដើម្បី​នឹង​ស្តាប់​ប្រាជ្ញា ដែល​ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ទ័យ​ទ្រង់

24 គ្រប់​គ្នា​ក៏​យក​សួយ‌អាករ​មក​ថ្វាយ គឺ​ជា​គ្រឿង​ប្រាក់ គ្រឿង​មាស សំលៀក‌បំពាក់ គ្រឿង​សស្ត្រា‌វុធ គ្រឿង​ក្រអូប សេះ និង​លា‌កាត់ តាម​កំណត់​រាល់​តែ​ឆ្នាំ។

25 សាឡូ‌ម៉ូន​ទ្រង់​មាន​រោង​សំរាប់​សេះ ហើយ​រទេះ​ចំបាំង ៤​ពាន់​បន្ទប់ ក៏​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់ ទ្រង់​ញែក​ដាក់​ឲ្យ​នៅ​ក្នុង​ទី​ក្រុង ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​ប៉ុន្មាន ហើយ​នៅ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ក្រុង​យេរូ‌សាឡិម​ដែរ

26 ទ្រង់​ក៏​មាន​អំណាច​លើ​អស់​ទាំង​ស្តេច ចាប់​តាំង​ពី​ទន្លេ​រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ផង

27 ស្តេច​ទ្រង់​ធ្វើ​ឲ្យ​មាន​ប្រាក់​សំបូរ នៅ​ក្រុង​យេរូ‌សាឡិម​ដូច​ជា​ថ្ម ហើយ​ឲ្យ​មាន​ដើម​តាត្រៅ​ជា​បរិបូរ ដូច​ជា​ដើម​ឧទុម្ពរ​ដែល​ដុះ​នៅ​ស្រុក​ទំនាប

28 គេ​ក៏​នាំ​យក​សេះ​ពី​ស្រុក​អេស៊ីព្ទ ហើយ​ពី​ស្រុក​ទាំង​អស់​មក​ថ្វាយ​ទ្រង់​ដែរ។

ស្តេច​សាឡូ‌ម៉ូន​សោយ​ទិវង្គត

29 រីឯ​ដំណើរ​ឯ​ទៀត ពី​សាឡូ‌ម៉ូន​ទាំង​មុន​ទាំង​ក្រោយ​នោះ​សុទ្ធ​តែ​បាន​កត់​ទុក នៅ​ក្នុង​ពង្សាវតារ ដែល​ហោរា​ណាថាន់ ជា​អ្នក​ស្រុក​ស៊ីឡូរ ហើយ​ក្នុង​រឿង​ពី​ការ​ជាក់‌ស្តែង​របស់​អ៊ីដោ​ជា​អ្នក​មើល‌ឆុត ដែល​លោក​ឃើញ ពី​ដំណើរ​យេរ៉ូ‌បោម​ជា​កូន​នេបាត​ហើយ

30 សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ

31 រួច​សាឡូ‌ម៉ូន ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ នោះ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36