២ របាក្សត្រ 14 KHOV

1 អ័ប៊ីយ៉ា​ទ្រង់​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អេសា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ ជំនួស​ព្រះ‌បិតា ហើយ​នៅ​ក្នុង​រាជ្យ​របស់​ទ្រង់ នោះ​ស្រុក​បាន​ស្ងៀម​ស្ងប់​អស់​១០​ឆ្នាំ។

ស្តេច​អេសា​គ្រង​រាជ្យ​លើ​ស្រុក​យូដា

2 ឯ​អេសា​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ ហើយ​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់

3 ដ្បិត​ទ្រង់​បំបាត់​អស់​ទាំង​អាស‌នា​ដទៃ និង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​សូន្យ​ចេញ ក៏​បំបាក់​បំបែក​បង្គោល​ថ្ម​ដែល​សំរាប់​គោរព ហើយ​កាប់​រំលំ​រូប​ព្រះ​បង់

4 ទ្រង់​ក៏​បង្គាប់​ដល់​ពួក​យូដា ឲ្យ​គេ​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែរ

5 ទ្រង់​បំបាត់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន និង​រូប​ព្រះ‌អាទិត្យ ពី​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ចេញ នោះ​នគរ​បាន​ស្ងៀម​ស្ងប់ នៅ​ចំពោះ​ទ្រង់

6 គ្រា​នោះ​ទ្រង់​សង់​ទី​ក្រុង​មាន​បន្ទាយ នៅ​ក្នុង​ស្រុក​យូដា ដ្បិត​ស្រុក​បាន​ស្ងៀម​ស្ងប់ ឥត​មាន​ចំបាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​នោះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត

7 ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​យូដា​ថា ចូរ​យើង​សង់​ទី​ក្រុង​ទាំង​នេះ​ឡើង ហើយ​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក​ផង ក្នុង​ពេល​ដែល​គ្មាន​អ្វី​ឃាត់‌ឃាំង​នៅ​មុខ​យើង​ក្នុង​ស្រុក​ឡើយ ដ្បិត​យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង អើ យើង​រាល់​គ្នា​បាន​ស្វែង​រក​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ ដូច្នេះ គេ​ក៏​សង់​ឡើង ហើយ​បាន​ចំរើន​ផង

8 អេសា​ទ្រង់​មាន​ពួក​ពល‌ទ័ព ដែល​កាន់​ខែល និង​លំពែង​៣​សែន​នាក់ ជា​ពួក​យូដា ហើយ​២​សែន​៨​ម៉ឺន​នាក់ ជា​ពួក​បេន‌យ៉ា‌មីន ដែល​កាន់​ខែល ហើយ​បាញ់​ធ្នូ សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។

9 នៅ​គ្រា​នោះ សេរ៉ាស ជា​សាសន៍​អេធី‌អូពី ទ្រង់​បាន​លើក​ទ័ព​១​លាន​នាក់ និង​រទេះ​ចំបាំង​៣០០ ចេញ​មក​ទាស់​នឹង​ពួក​យូដា ក៏​មក​ដល់​ក្រុង​ម៉ារីសា

10 ដូច្នេះ អេសា​ទ្រង់​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​ដំរៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារីសា

11 ឯ​អេសា​ទ្រង់​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ‌ជំនះ ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ទ្រង់​ទេ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង គឺ​ដោយ​នៅ​តែ​ព្រះ‌នាម​ទ្រង់​ប៉ុណ្ណោះ ដែល​យើង​រាល់​គ្នា​បាន​មក ទាស់​នឹង​ពួក​មាន​គ្នា​ច្រើន​ទាំង​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជា​ព្រះ​នៃ​យើង​រាល់​គ្នា សូម​កុំ​ឲ្យ​មនុស្ស​ឈ្នះ​ទ្រង់​ឡើយ

12 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​ពួក​អេធី‌អូពី នៅ​ចំពោះ​អេសា និង​ពួក​យូដា ឲ្យ​គេ​បាក់​ទ័ព​រត់​ទៅ

13 រួច​អេសា និង​ពួក​ពល​ដែល​នៅ​ជា​មួយ ក៏​ដេញ​តាម​ទៅ រហូត​ដល់​ក្រុង​កេរ៉ា ហើយ​ពួក​អេធី‌អូពី គេ​ដួល​ស្លាប់​ជា​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​ងើប​ឡើង ឲ្យ​មាន​កំឡាំង​ទៀត​មិន​បាន ពី​ព្រោះ​គេ​ត្រូវ​បាក់​បែក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​ចំពោះ​ពល‌ទ័ព​របស់​ទ្រង់ ពួក​ខាង​អេសា​ក៏​ចាប់​យក​បាន​របឹប​យ៉ាង​សន្ធឹក

14 ហើយ​វាយ​អស់​ទាំង​ទី​ក្រុង នៅ​ជុំវិញ​ក្រុង​កេរ៉ា​ដែរ ពី​ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ព្រះ‌យេហូវ៉ា បាន​គ្រប​សង្កត់​លើ​ពួក​ក្រុង​ទាំង​នោះ ពួក​យូដា​ក៏​ប្លន់​ទី​ក្រុង​ទាំង​នោះ យក​បាន​របស់​យ៉ាង​សន្ធឹក

15 ហើយ​វាយ​ទាំង​រោង​សត្វ នាំ​យក​បាន​ចៀម​ជា​បរិបូរ ព្រម​ទាំង​អូដ្ឋ​ផង រួច​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36