២ របាក្សត្រ 12 KHOV

ព្រះ‌ចៅ​ស៊ីសាក ស្តេច​ស្រុក​អេស៊ីព្ទ​វាយ​លុក​ស្រុក​យូដា

1 កាល​រាជ្យ​របស់​រេហូ‌បោម​បាន​មាំ‌មួន ហើយ​ទ្រង់​មាន​អំណាច​ឡើង នោះ​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ចេញ

2 រួច​ដល់​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម នោះ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​នឹង​ក្នុង​យេរូ‌សាឡិម​ដោយ​ព្រោះ​គេ​បាន​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា

3 មាន​ទាំង​រទេះ​ចំបាំង​១​ពាន់​២០០ និង​ពល​សេះ​៦​ម៉ឺន​នាក់ ឯ​ពល​ទាហាន ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ជា​មួយ​នឹង​ទ្រង់ គឺ​ជា​ពួក​សាសន៍​លីប៊ី សាសន៍​ស៊ូគី និង​សាសន៍​អេធី‌អូពី នោះ​រាប់​មិន​បាន​ឡើយ

4 ទ្រង់​វាយ​យក​បាន​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ​នៅ​ស្រុក​យូដា ហើយ​ក៏​ឡើង​ទៅ​ត្រឹម​ក្រុង​យេរូ‌សាឡិម​ទៀត

5 គ្រា​នោះ ហោរា​សេម៉ាយ៉ា ក៏​មក​ឯ​រេហូ‌បោម និង​ពួក​មេ​សាសន៍​យូដា ដែល​បាន​មូល​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ស៊ីសាក លោក​មាន​វាចា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​អញ ហេតុ​នោះ​បាន​ជា​អញ​ទុក​ឯង​រាល់​គ្នា​ចោល នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស៊ីសាក

6 ដូច្នេះ ពួក​មេ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ស្តេច ក៏​បន្ទាប​ខ្លួន​ចុះ​ពោល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត

7 រួច​កាល​ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា គេ​បន្ទាប​ខ្លួន​ដូច្នោះ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​សេម៉ាយ៉ា​ថា គេ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ អញ​នឹង​មិន​បំផ្លាញ​គេ​ទេ តែ​បន្តិច​ទៀត​អញ​នឹង​ប្រោស​ឲ្យ​គេ​រួច ហើយ​អញ​មិន​ចាក់​សេចក្ដី​ក្រោធ​របស់​អញ ទៅ​លើ​ក្រុង​យេរូ‌សាឡិម ដោយ‌សារ​ដៃ​ស៊ីសាក​ឡើយ

8 ប៉ុន្តែ​គេ​នឹង​ត្រូវ​ចំណុះ​ទ្រង់​វិញ ដើម្បី​ឲ្យ​គេ​អាច​នឹង​ផ្ទឹម​ការ​បំរើ​ដល់​អញ និង​ការ​បំរើ​ដល់​នគរ​ដទៃ​ឲ្យ​ដឹង។

9 ដូច្នេះ ស៊ីសាក ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ឡើង​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម ក៏​យក​បាន​អស់​ទាំង​ទ្រព្យ​វិសេស​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌ទ្រព្យ ដែល​នៅ​ក្នុង​ដំណាក់​ស្តេច​អស់​រលីង​ទៅ ព្រម​ទាំង​ខែល​មាស​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​ផង

10 រួច​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​វិញ ហើយ​ប្រគល់​ទុក​នៅ​ដៃ​នៃ​ពួក​មេ‌ទ័ព​រក្សា​អង្គ ដែល​ចាំ​មាត់​ទ្វារ​ដំណាក់​ស្តេច

11 នៅ​វេលា​ណា​ដែល​ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ទ័ព​រក្សា​អង្គ ក៏​កាន់​ខែល​ទាំង​នោះ​មក រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​នៃ​ពួក​ទ័ព​រក្សា​អង្គ​វិញ

12 នៅ​គ្រា​ដែល​ទ្រង់​បាន​បន្ទាប​អង្គ នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ងាក​បែរ​ចេញ​ពី​ទ្រង់​ទៅ ប្រយោជន៍​មិន​ឲ្យ​ទ្រង់​ត្រូវ​វិនាស​អស់​រលីង​ឡើយ ហើយ​១​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះ​ដែរ។

ចុង​បញ្ចប់​នៃ​រជ្ជ‌កាល​ស្តេច​រេហូ‌បោម

13 ស្តេច​រេហូ‌បោម​ទ្រង់​ចំរើន​កំឡាំង​ឡើង នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ក៏​សោយ‌រាជ្យ​ត​ទៅ កាល​រេហូ‌បោម​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ​ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​នឹង​ទុក​ព្រះ‌នាម​ទ្រង់ ឯ​ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន

14 ស្តេច​ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ ពី​ព្រោះ​ទ្រង់​មិន​បាន​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា​ឡើយ។

15 រីឯ​ដំណើរ​ទាំង​ប៉ុន្មាន ពី​រេហូ‌បោម ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ហោរា​សេម៉ាយ៉ា និង​អ៊ីដោ ជា​អ្នក​មើល‌ឆុត បាន​តែង​តាម​របៀប​រឿង‌រ៉ាវ​តៗ​មក​ហើយ ចំណែក​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច

16 រេហូ‌បោម​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ប៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36