1 យ៉ូសៀស ទ្រង់ក៏ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម គេសំឡាប់ចៀមធ្វើបុណ្យរំលងនោះ នៅថ្ងៃ១៤ក្នុងខែចេត្រ
2 ទ្រង់តាំងពួកសង្ឃឲ្យធ្វើការងារក្នុងដំណែងគេ ហើយក៏ណែនាំគេឲ្យតាំងចិត្តធ្វើការងារ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
3 ទ្រង់មានព្រះបន្ទូលទៅពួកលេវី ជាអ្នកដែលបង្ហាត់បង្រៀនពួកអ៊ីស្រាអែលទាំងប៉ុន្មាន គឺជាពួកអ្នកបរិសុទ្ធដល់ព្រះវិហារថា ចូរយកហឹបបរិសុទ្ធ ទៅតាំងនៅក្នុងព្រះវិហារដែលសាឡូម៉ូន ជាព្រះរាជបុត្រាដាវីឌ ស្តេចអ៊ីស្រាអែលបានស្អាង មិនចាំបាច់ឲ្យឯងរាល់គ្នាសែងទៀតឡើយ ឥឡូវនេះ ចូរបំរើដល់ព្រះយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ហើយដល់អ៊ីស្រាអែល ជារាស្ត្រទ្រង់ផង
4 ចូរបំរុងខ្លួនជាស្រេច តាមវង្សនៃឪពុកឯងរាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដី ដែលដាវីឌ ជាស្តេចអ៊ីស្រាអែល និងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់បានកត់ទុក
5 ហើយឈរនៅក្នុងទីបរិសុទ្ធ តាមផ្នែកពួកវង្សរបស់ឪពុកនៃបងប្អូនឯងរាល់គ្នា ដែលជាកូនចៅនៃបណ្តាជន តាមដំណែងការងារពួកវង្សរបស់ឪពុកនីមួយៗក្នុងពួកលេវី
6 រួចសំឡាប់ចៀមសំរាប់បុណ្យរំលង ហើយញែកខ្លួនចេញជាបរិសុទ្ធ រួចមករៀបចំឲ្យពួកបងប្អូនចុះ ដើម្បីនឹងធ្វើតាមសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលដោយសារលោកម៉ូសេ។
7 យ៉ូសៀសទ្រង់ប្រទានកូនចៀម និងកូនពពែ ពីហ្វូងសត្វមានចំនួន៣ម៉ឺន និងគោ៣ពាន់ ដែលសុទ្ធតែជាព្រះរាជទ្រព្យ ដល់ពួកអ្នកក្នុងបណ្តាជនទាំងឡាយ គឺដល់អស់អ្នកដែលប្រជុំគ្នានៅទីនោះ សំរាប់ជាដង្វាយបុណ្យរំលង
8 ឯពួកអ្នកដែលជាប្រធានរបស់ទ្រង់ គេឲ្យដល់ពួកជន ពួកសង្ឃ និងពួកលេវីដោយស្ម័គ្រពីចិត្តដែរ ហើយហ៊ីលគីយ៉ា សាការី និងយេហ៊ីអែល ជាពួកមេលើព្រះវិហារនៃព្រះ ក៏ឲ្យចៀម២ពាន់៦រយ និងគោ៣រយ ដល់ពួកសង្ឃសំរាប់ជាដង្វាយនៃបុណ្យរំលង
9 ឯកូណានា និងសេម៉ាយ៉ា ហើយនេថានេល ជាបងប្អូនលោក ព្រមទាំងហាសាបយ៉ា យីអែល និងយ៉ូសាបាឌ ជាមេពួកលេវី គេក៏ឲ្យចៀម៥ពាន់ និងគោ៥០០ដល់ពួកលេវី សំរាប់ជាដង្វាយបុណ្យរំលងទៀត។
10 យ៉ាងនោះ ការងារទាំងអស់បានរៀបចំជាស្រេចពួកសង្ឃគេឈរនៅកន្លែងគេ ហើយពួកលេវីតាមវេនគេដែរ តាមបង្គាប់ស្តេច
11 ពួកលេវីបានសំឡាប់ចៀមបុណ្យរំលង ហើយពួកសង្ឃក៏យកឈាមពីដៃគេទៅប្រោះ ពួកលេវីក៏ពន្លាត់ស្បែក
12 រួចគេរើយកដង្វាយទាំងនោះ ទៅដំរៀបដាក់តាមផ្នែកពួកវង្សរបស់ឪពុក នៃអស់អ្នកក្នុងបណ្តាជន ដើម្បីនឹងដុតថ្វាយដល់ព្រះយេហូវ៉ា តាមសេចក្ដីដែលចែងទុកមកក្នុងគម្ពីរលោកម៉ូសេ គេក៏ធ្វើដូច្នោះនឹងគោទាំងនោះដែរ
13 គេអាំងដង្វាយបុណ្យរំលងតាមរបៀប ហើយស្ងោរដង្វាយបរិសុទ្ធទាំងប៉ុន្មានក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចយកទៅចែកឲ្យដល់ពួកអស់អ្នក ក្នុងបណ្តាជនជាប្រញាប់
14 ទើបរៀបចំសំរាប់ខ្លួនគេ និងពួកសង្ឃជាខាងក្រោយ ដ្បិតពួកសង្ឃ ជាកូនចៅអើរ៉ុន គេនៅជាប់ការថ្វាយដង្វាយដុត និងខ្លាញ់ទាំងប៉ុន្មាន ដរាបដល់យប់ បានជាពួកលេវីរៀបចំសំរាប់ខ្លួនគេ និងពួកសង្ឃ ជាកូនចៅអើរ៉ុនដែរ
15 ឯពួកកូនចៅអេសាភ ជាពួកអ្នកចំរៀង គេក៏ឈរនៅកន្លែងគេតាមបង្គាប់ដាវីឌ អេសាភ ហេម៉ាន និងយេឌូថិន ជាអ្នកមើលឆុតរបស់ស្តេច ហើយពួកឆ្មាំទ្វារក៏នៅចាំរៀងរាល់តែទ្វារ មិនចាំបាច់នឹងលែងធ្វើការងាររបស់គេទេ ដ្បិតពួកលេវីជាបងប្អូនគេរៀបចំឲ្យ។
16 ដូច្នេះ ការងារនៃព្រះយេហូវ៉ាទាំងអស់បានរៀបចំជាស្រេចនៅថ្ងៃនោះឯង ដើម្បីនឹងធ្វើបុណ្យរំលង ហើយនឹងថ្វាយដង្វាយដុត នៅលើអាសនាព្រះយេហូវ៉ា តាមបង្គាប់ស្តេចយ៉ូសៀស
17 ឯពួកកូនចៅអ៊ីស្រាអែលដែលនៅទីនោះ គេក៏ធ្វើបុណ្យរំលងនៅវេលានោះ ព្រមទាំងបុណ្យនំបុ័ងឥតដំបែអស់៧ថ្ងៃ
18 មិនដែលមានបុណ្យរំលងយ៉ាងនោះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ចាប់តាំងពីគ្រាហោរាសាំយូអែលរៀងមក ក៏មិនដែលមានស្តេចនៃពួកអ៊ីស្រាអែលណាមួយ បានធ្វើបុណ្យរំលង ឲ្យដូចជាបុណ្យរំលង ដែលយ៉ូសៀស ពួកសង្ឃ ពួកលេវី ហើយពួកយូដា និងពួកអ៊ីស្រាអែលទាំងអស់ដែលបានប្រជុំគ្នា ព្រមទាំងពួកអ្នកដែលនៅក្រុងយេរូសាឡិមបានធ្វើនោះដែរ
19 គេបានធ្វើបុណ្យរំលងនោះ នៅក្នុងឆ្នាំ១៨នៃរាជ្យយ៉ូសៀស។
20 ក្រោយការទាំងនោះមក ក្នុងកាលដែលយ៉ូសៀសបានរៀបចំព្រះវិហារហើយ នោះនេកោ ជាស្តេចអេស៊ីព្ទទ្រង់ឡើងទៅច្បាំងនឹងក្រុងកើកេមីស នៅមាត់ទន្លេអ៊ើប្រាត ហើយយ៉ូសៀសទ្រង់យាងចេញទៅស្ទាក់ផ្លូវ
21 តែនេកោទ្រង់ចាត់រាជទូតមកទូលថា ឱស្តេចយូដាអើយ តើយើងមានរឿងអ្វីនឹងគ្នា នៅថ្ងៃនេះ យើងមិនមែនមកទាស់នឹងទ្រង់ទេ គឺទៅទាស់តែនឹងពួកវង្ស១ ដែលយើងមានសង្គ្រាមនឹងគេទេតើ ព្រះក៏បានបង្គាប់ឲ្យយើងប្រញាប់នឹងធ្វើដែរ ដូច្នេះ កុំឲ្យឃាត់ឃាំងព្រះ ដែលគង់ជាមួយនឹងយើងឡើយ ក្រែងព្រះបំផ្លាញទ្រង់ទៅ
22 ប៉ុន្តែយ៉ូសៀសមិនព្រមថយ បែរចេញពីនេកោទេ គឺបានក្លែងព្រះអង្គដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឱស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ
23 ពួកពលធ្នូក៏បាញ់ត្រូវស្តេចយ៉ូសៀស រួចស្តេចបង្គាប់ដល់ពួកទ័ពទ្រង់ថា ចូរនាំយកអញចេញទៅ ដ្បិតអញត្រូវរបួសជាទំងន់ណាស់
24 ដូច្នេះ ពួកទ័ពទ្រង់ក៏លើកយកទ្រង់ចេញពីព្រះរាជរថទៅដាក់លើព្រះរាជរថ១ទៀត នាំទៅឯក្រុងយេរូសាឡិម ទ្រង់ក៏សុគតទៅ គេបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់ពួកអយ្យកោទ្រង់ ឯពួកយូដា និងពួកក្រុងយេរូសាឡិមទាំងអស់គ្នាក៏កាន់ទុក្ខនឹងយ៉ូសៀស
25 ឯយេរេមា លោកលើកបទទំនួញទួញពីយ៉ូសៀស ហើយពួកចំរៀងប្រុសស្រីក៏ច្រៀងបទទំនួញពីយ៉ូសៀស ដរាបដល់សព្វថ្ងៃនេះ ក៏តាំងការនោះទុកជាទំលាប់ក្នុងពួកអ៊ីស្រាអែលតទៅ មើល បទទាំងនោះបានកត់ទុកក្នុងគម្ពីរបរិទេវហើយ
26 រីឯដំណើរឯទៀត ពីយ៉ូសៀសដែលទ្រង់ប្រព្រឹត្តសេចក្ដីល្អ ឲ្យត្រូវនឹងសេចក្ដីដែលកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា
27 និងពីកិច្ចការទ្រង់ទាំងមុនទាំងក្រោយ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅពីពួកស្តេចអ៊ីស្រាអែល និងយូដាហើយ។