២ របាក្សត្រ 16 KHOV

សង្គ្រាម​រវាង​ស្តេច​អេសា និង​ស្តេច​បាសា ស្តេច​ស្រុក​អ៊ីស្រា‌អែល

1 កាល​ដល់​ឆ្នាំ​ទី​៣៦ ក្នុង​រាជ្យ​អេសា នោះ​ប្អាសា ជា​ស្តេច​អ៊ីស្រា‌អែល ក៏​ឡើង​មក​ទាស់​នឹង​ពួក​យូដា ទ្រង់​សង់​ក្រុង​រ៉ាម៉ា ដើម្បី​ឃាត់​មិន​ឲ្យ​អ្នក​ណា​ចេញ​ចូល​ទៅ​ឯ​អេសា ជា​ស្តេច​យូដា​ឡើយ

2 ដូច្នេះ អេសា​ទ្រង់​យក​ប្រាក់ និង​មាស ចេញ​ពី​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ពី​ក្នុង​ព្រះ‌រាជ‌ដំណាក់ ផ្ញើ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ឯ​ក្រុង​ដាម៉ាស ដោយ​ព្រះ‌បន្ទូល​ថា

3 ទូល‌បង្គំ និង​ទ្រង់​បាន​ចុះ​សញ្ញា​នឹង​គ្នា​ហើយ ដូច​ជា​បិតា​ទូល‌បង្គំ និង​ព្រះ‌បិតា​នៃ​ទ្រង់​ដែរ ឥឡូវ​នេះ មើល ទូល‌បង្គំ​ផ្ញើ​ប្រាក់ និង​មាស​មក​ថ្វាយ​ទ្រង់ សូម​ឲ្យ​ទ្រង់​ទៅ​ផ្តាច់​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​ប្អាសា​ជា​ស្តេច​ពួក​អ៊ីស្រា‌អែល​ចេញ ដើម្បី​ឲ្យ​គេ​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ

4 បេន-ហា‌ដាឌ់​ក៏​ស្តាប់​តាម​ស្តេច​អេសា ទ្រង់​ចាត់​ពួក​មេ​លើ​ពល‌ទ័ព​របស់​ទ្រង់ ឲ្យ​ទៅ​ច្បាំង​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​អ៊ីស្រា‌អែល គេ​ក៏​វាយ​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ និង​ក្រុង​អេបិល-ម៉ែម ព្រម​ទាំង​ទី​ក្រុង​ដែល​សំរាប់​ជា​ឃ្លាំង​ទាំង​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ណែប‌ថាលី​ផង

5 លុះ​កាល​ប្អាសា​បាន​ឮ​ហើយ នោះ​ទ្រង់​ក៏​លែង​សង់​ក្រុង​រ៉ាម៉ា ឈប់​ចោល​ការ​ទាំង​នោះ​ទៅ

6 រួច​ស្តេច​អេសា​ទ្រង់​នាំ​ពួក​យូដា​ទាំង​អស់​ចេញ​ទៅ យក​ថ្ម និង​ឈើ​ទាំង​ប៉ុន្មាន​ពី​រ៉ាម៉ា ដែល​ប្អាសា​កំពុង​តែ​សង់​ទី​ក្រុង​នោះ​ទៅ​សង់​ក្រុង​កេបា និង​មីសប៉ា​វិញ។

ស្តេច​អេសា​ឃុំ‌ឃាំង​ហោរា​ហាណានី

7 នៅ​វេលា​នោះ ហាណានី ជា​អ្នក​មើល‌ឆុត លោក​មក​ឯ​អេសា ជា​ស្តេច​យូដា​ទូល​ថា ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្តេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល‌ទ័ព​របស់​ស្តេច​ស៊ីរី បាន​រួច​ពី​កណ្តាប់​ព្រះ‌ហស្ត​ទ្រង់​ហើយ

8 ឯ​ពួក​សាសន៍​អេធី‌អូពី និង​ពួក​លីប៊ី តើ​គេ​មិន​មែន​ជា​ពួក​ពល​យ៉ាង​ធំ មាន​ទាំង​រទេះ​ចំបាំង និង​ពល​សេះ​សន្ធឹក​ទេ​ឬ​អី ប៉ុន្តែ​ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ព្រះ‌យេហូវ៉ា បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​ព្រះ‌ករុណា​វិញ

9 ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំដែង​ព្រះ‌ចេស្តា ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ‌ត្រង់​ចំពោះ​ទ្រង់ ព្រះ‌ករុណា​បាន​ប្រព្រឹត្ត​បែប​ឆោត​ល្ងង់ ហើយ ដ្បិត​ពី​នេះ​ទៅ​មុខ នឹង​ចេះ​តែ​មាន​ចំបាំង​ជានិច្ច

10 នោះ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​អ្នក​មើល‌ឆុត ហើយ​ទ្រង់​ចាប់​ដាក់​គុក ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ អេសា​ក៏​សង្កត់‌សង្កិន​រាស្ត្រ​ខ្លះ​ដែរ។

ស្តេច​អេសា​សោយ​ទិវង្គត

11 ហើយ​មើល ដំណើរ​ទាំង​ប៉ុន្មាន​ពី​អេសា ទាំង​មុន​ទាំង​ក្រោយ នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ ដែល​ថ្លែង​ពី​ពួក​ស្តេច​យូដា និង​អ៊ីស្រា‌អែល​ហើយ

12 រីឯ​ក្នុង​ឆ្នាំ​ទី​៣៩​នៃ​រាជ្យ​អេសា នោះ​ទ្រង់​ចាប់​ប្រឈួន​ត្រង់​ព្រះ‌បាទ មាន​អាការៈ​ដ៏​ធ្ងន់ ប៉ុន្តែ​ក្នុង​ការ​ប្រឈួន​នោះ ទ្រង់​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ទេ គឺ​បាន​រក​ពឹង​ដល់​ពួក​គ្រូ‌ពេទ្យ​វិញ

13 អេសា​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គឺ​បាន​សុគត​នៅ​ឆ្នាំ​ទី​៤១ ក្នុង​រាជ្យ​របស់​ទ្រង់

14 គេ​បញ្ចុះ​សព នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ ដែល​បាន​ដាប់​ទុក​សំរាប់​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ ក៏​តម្កល់​សព​នៅ​ទី​ដែល​បាន​អប់ ហើយ​មាន​ពេញ​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ ដែល​ពួក​ផ្សំ​គ្រឿង​ក្រអូប​បាន​ធ្វើ តាម​វិជ្ជា​របស់​គេ ហើយ​គេ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ទ្រង់ ជា​ការ​យ៉ាង​ធំ។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36