1 កាលដល់ឆ្នាំទី៣៦ ក្នុងរាជ្យអេសា នោះប្អាសា ជាស្តេចអ៊ីស្រាអែល ក៏ឡើងមកទាស់នឹងពួកយូដា ទ្រង់សង់ក្រុងរ៉ាម៉ា ដើម្បីឃាត់មិនឲ្យអ្នកណាចេញចូលទៅឯអេសា ជាស្តេចយូដាឡើយ
2 ដូច្នេះ អេសាទ្រង់យកប្រាក់ និងមាស ចេញពីឃ្លាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា និងពីក្នុងព្រះរាជដំណាក់ ផ្ញើទៅឯបេន-ហាដាឌ់ ជាស្តេចស្រុកស៊ីរី ដែលនៅឯក្រុងដាម៉ាស ដោយព្រះបន្ទូលថា
3 ទូលបង្គំ និងទ្រង់បានចុះសញ្ញានឹងគ្នាហើយ ដូចជាបិតាទូលបង្គំ និងព្រះបិតានៃទ្រង់ដែរ ឥឡូវនេះ មើល ទូលបង្គំផ្ញើប្រាក់ និងមាសមកថ្វាយទ្រង់ សូមឲ្យទ្រង់ទៅផ្តាច់សញ្ញាដែលទ្រង់បានតាំងនឹងប្អាសាជាស្តេចពួកអ៊ីស្រាអែលចេញ ដើម្បីឲ្យគេថយចេញពីទូលបង្គំទៅ
4 បេន-ហាដាឌ់ក៏ស្តាប់តាមស្តេចអេសា ទ្រង់ចាត់ពួកមេលើពលទ័ពរបស់ទ្រង់ ឲ្យទៅច្បាំងនឹងអស់ទាំងទីក្រុងនៃពួកអ៊ីស្រាអែល គេក៏វាយក្រុងអ៊ីយ៉ូន ក្រុងដាន់ និងក្រុងអេបិល-ម៉ែម ព្រមទាំងទីក្រុងដែលសំរាប់ជាឃ្លាំងទាំងប៉ុន្មាន នៅក្នុងស្រុកណែបថាលីផង
5 លុះកាលប្អាសាបានឮហើយ នោះទ្រង់ក៏លែងសង់ក្រុងរ៉ាម៉ា ឈប់ចោលការទាំងនោះទៅ
6 រួចស្តេចអេសាទ្រង់នាំពួកយូដាទាំងអស់ចេញទៅ យកថ្ម និងឈើទាំងប៉ុន្មានពីរ៉ាម៉ា ដែលប្អាសាកំពុងតែសង់ទីក្រុងនោះទៅសង់ក្រុងកេបា និងមីសប៉ាវិញ។
7 នៅវេលានោះ ហាណានី ជាអ្នកមើលឆុត លោកមកឯអេសា ជាស្តេចយូដាទូលថា ដោយព្រោះទ្រង់បានពឹងដល់ស្តេចស៊ីរី មិនបានពឹងដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ នោះពួកពលទ័ពរបស់ស្តេចស៊ីរី បានរួចពីកណ្តាប់ព្រះហស្តទ្រង់ហើយ