1 រីឯយ៉ូសាផាត ទ្រង់មានទ្រព្យសម្បត្តិ និងកិត្តិយសជាបរិបូរ ហើយទ្រង់ក៏ភ្ជាប់ពន្ធនឹងអ័ហាប់
2 លុះក្រោយមកពីរបីឆ្នាំ នោះទ្រង់យាងចុះទៅឯអ័ហាប់ នៅក្រុងសាម៉ារី ឯអ័ហាប់ក៏សំឡាប់ចៀម និងគោជាបរិបូរ ជប់លៀងទ្រង់ និងពួកអ្នកដែលតាមទ្រង់ទៅផង ក៏បបួលទ្រង់ ឲ្យឡើងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាត
3 អ័ហាប់ជាស្តេចអ៊ីស្រាអែល ទ្រង់ទូលនឹងយ៉ូសាផាត ជាស្តេចយូដាថា តើទ្រង់ចង់ទៅឯក្រុងរ៉ាម៉ូត-កាឡាត ជាមួយនឹងទូលបង្គំឬទេ នោះទ្រង់ទូលឆ្លើយថា ទូលបង្គំក៏ដូចជាទ្រង់ ហើយរាស្ត្ររបស់ទូលបង្គំ ក៏ដូចជារាស្ត្ររបស់ទ្រង់ដែរ យើងរាល់គ្នានឹងនៅជាមួយនឹងទ្រង់ ក្នុងចំបាំងនេះ។
4 តែយ៉ូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន
5 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរា បាន៤០០នាក់ មកសួរគេថា តើត្រូវឲ្យយើងចេញទៅច្បាំង នឹងក្រុងរ៉ាម៉ូត-កាឡាតឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
6 តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី
7 ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់ជាដរាបវិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នេះឡើយ