27 មីកាយ៉ាទូលថា បើសិនណាជាទ្រង់ដែលយាងមកវិញដោយសុខសាន្តពិត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូលដោយសារទូលបង្គំទេ រួចគាត់ថែមពាក្យនេះថា ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ។
28 ដូច្នេះ ស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ក៏ឡើងទៅឯក្រុងរ៉ាម៉ូត-កាឡាត
29 ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ
30 រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចំបាំងទ្រង់ថា កុំឲ្យតនឹងអ្នកណា ទោះតូច ឬធំក្តីចូរតតែនឹងស្តេចអ៊ីស្រាអែល១ប៉ុណ្ណោះ
31 ដូច្នេះ កាលពួកមេទ័ពទាំងនោះបានឃើញយ៉ូសាផាត គេក៏នឹកថា នេះជាស្តេចអ៊ីស្រាអែលហើយ គេក៏បែរទៅបំរុងតនឹងទ្រង់ តែយ៉ូសាផាតទ្រង់ស្រែកឡើង ហើយព្រះយេហូវ៉ាក៏ប្រោសជួយ បណ្តាលឲ្យគេថយចេញពីទ្រង់ទៅ
32 កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ នោះក៏លែងតាមតទៅ
33 តែមានមនុស្សម្នាក់យឹតធ្នូបាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះនៃទ្រង់ ដូច្នេះ ទ្រង់មានព្រះបន្ទូលបង្គាប់ ដល់អ្នកបរព្រះរាជរថទ្រង់ថា ចូរញាក់បង្ហៀរត្រឡប់រថនាំយើងចេញពីពលទ័ពទៅ ដ្បិតយើងមានរបួសជាទំងន់