5 ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរា បាន៤០០នាក់ មកសួរគេថា តើត្រូវឲ្យយើងចេញទៅច្បាំង នឹងក្រុងរ៉ាម៉ូត-កាឡាតឬឈប់ខាន គេទូលឆ្លើយថា សូមយាងឡើងទៅចុះ ដ្បិតព្រះទ្រង់នឹងប្រគល់គេមក ក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ
6 តែយ៉ូសាផាតសួរថា នៅទីនេះតើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរពីគាត់ដែរទេឬអី
7 ស្តេចអ៊ីស្រាអែលទូលឆ្លើយថា មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបានដែរ គឺមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់វា ដ្បិតវាមិនដែលទាយល្អពីទូលបង្គំសោះ គឺចេះតែទាយអាក្រក់ជាដរាបវិញ យ៉ូសាផាតទូលថា សូមទ្រង់កុំមានព្រះបន្ទូលដូច្នេះឡើយ
8 នោះស្តេចអ៊ីស្រាអែលទ្រង់ហៅមហាតលិកម្នាក់មកបង្គាប់ថា ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកជាឆាប់ៗ
9 ឯស្តេចអ៊ីស្រាអែល និងយ៉ូសាផាត ជាស្តេចយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងអង្គ ត្រង់ទីធ្លានៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយ នៅចំពោះទ្រង់
10 ឯសេដេគា ជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ព្រះករុណានឹងជល់ពួកស៊ីរី ដោយស្នែងនេះ ដរាបដល់គេវិនាសសូន្យទៅ
11 ហើយពួកហោរាទាំងអស់ក៏ទាយដូច្នោះដែរថា សូមយាងឡើងទៅឯរ៉ាម៉ូត-កាឡា ហើយមានជ័យជំនះចុះ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ព្រះហស្តនៃព្រះករុណាហើយ។