២ របាក្សត្រ 18:7-13 KHOV

7 ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន​ដែរ គឺ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​ជា​ដរាប​វិញ យ៉ូសា‌ផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ឡើយ

8 នោះ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​ជា​ឆាប់ៗ

9 ឯ​ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ‌គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា​នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ នៅ​ចំពោះ​ទ្រង់

10 ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី ដោយ​ស្នែង​នេះ ដរាប​ដល់​គេ​វិនាស​សូន្យ​ទៅ

11 ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡា ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។

12 រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់​សុទ្ធ​តែ​ទាយ​ល្អ ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ដែរ

13 តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ​នៃ​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ​ឯង