២ របាក្សត្រ 2:9-15 KHOV

9 ដើម្បី​នឹង​ត្រៀម​ឈើ​ទុក​ឲ្យ​ទូល‌បង្គំ​ជា​បរិបូរ ដ្បិត​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បំរុង​នឹង​ស្អាង​នេះ ត្រូវ​តែ​បាន​ធំ​អស្ចារ្យ

10 នោះ​ទូល‌បង្គំ​នឹង​ឲ្យ​ស្រូវ​ភោជ្ជ‌សាលី​បញ្ជាន់​ស្រាប់​២​ម៉ឺន​រង្វាល់ ស្រូវ​ឱក​២​ម៉ឺន​រង្វាល់ ស្រា​ទំពាំង‌បាយ‌ជូរ​២​ម៉ឺន​រង្វាល់ និង​ប្រេង​២​ម៉ឺន​រង្វាល់ ដល់​ពួក​ជាង​របស់​ទ្រង់ ដែល​កាប់​ឈើ​នោះ។

11 ដូច្នេះ ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ក៏​ធ្វើ​សារ​ផ្ញើ​មក​ឆ្លើយ​តប​នឹង​សាឡូ‌ម៉ូន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់ បាន​ជា​តាំង​ព្រះ‌ករុណា​ឡើង ជា​ស្តេច​លើ​គេ

12 ក្នុង​សារ​នោះ​ហ៊ីរ៉ាម​មាន​ព្រះ‌បន្ទូល​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​ព្រះ‌ពរ គឺ​ជា​ព្រះ​ដែល​បាន​ប្រទាន ឲ្យ​ស្តេច​ដាវីឌ​មាន​ព្រះ‌រាជ‌បុត្រា​ប្រកប​ដោយ​ប្រាជ្ញា ដំរិះ និង​យោបល់ អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់

13 ឥឡូវ​ទូល‌បង្គំ​បាន​ឲ្យ​ជាង​ជំនាញ​ការ​ម្នាក់​ឈ្មោះ​ហ៊ីរ៉ាម ជា​ជាង​របស់​បិតា​ទូល‌បង្គំ ជា​អ្នក​ប្រកប​ដោយ​យោបល់​មក

14 គឺ​ជា​កូន​របស់​ស្រី​ស្រុក​ដាន់​ម្នាក់ ដែល​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស អ្នក​នេះ​ជា​អ្នក​ជំនាញ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និង​សំពត់​ពណ៌​ស្វាយ ពណ៌​ខៀវ សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​នឹង​សំពត់​ពណ៌​ក្រហម ក៏​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ជំពូក ហើយ​ចេះ​បង្កើត​របស់​គ្រប់​យ៉ាង​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ ជា​មួយ​នឹង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ទ្រង់ ហើយ​នឹង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ផង

15 រីឯ​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​ព្រះ‌បន្ទូល​នោះ សូម​បញ្ជូន​មក​ឲ្យ​ពួក​ខាង​ទូល‌បង្គំ​ចុះ