២ របាក្សត្រ 20:16-22 KHOV

16 ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ជួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល

17 អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចំបាំង​នេះ​ទេ ឲ្យ​គ្រាន់​តែ​ដំរៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ឱ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ

18 នោះ​យ៉ូសា‌ផាត​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ

19 ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ និង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​ឡើង សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃលែង។

20 ស្អែក​ឡើង​គេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ នោះ​យ៉ូសា‌ផាត​ទ្រង់​ឈរ​មាន​ព្រះ‌បន្ទូល​ថា ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ទ្រង់ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកប ដោយ​សេចក្ដី​ចំរើន

21 រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តា‌ជន​ហើយ នោះ​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់​កល្ប‌ជានិច្ច

22 ដូច្នេះ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់