23 ដ្បិតពួកកូនចៅអាំម៉ូន និងម៉ូអាប់ គេលើកគ្នាបំផ្លាញពួកអ្នកនៅស្រុកភ្នំសៀរអស់រលីងទៅ រួចកាលគេបានបំផ្លាញពួកនោះអស់ហើយ នោះក៏ព្រួតគ្នាបំផ្លាញដល់គ្នាទៅវិញទៅមកទៀត។
24 ដូច្នេះ កាលពួកយូដាមកដល់ប៉មចាំយាម នៅត្រង់ទីរហោស្ថាន នោះគេក្រឡេកមើលទៅពួកធំនោះ ក៏ឃើញគេសុទ្ធតែជាខ្មោចដេករដូកនៅដី គ្មានអ្នកណាមួយបានរួចជីវិតឡើយ
25 រួចកាលយ៉ូសាផាត និងពលទ័ពរបស់ទ្រង់បានទៅដល់ ដើម្បីយករបឹប នោះក៏ឃើញមានទាំងរបស់ទ្រព្យ សំលៀកបំពាក់ និងប្រដាប់មានដំឡៃយ៉ាងសន្ធឹក ហើយនាំគ្នាដោះចេញទុកសំរាប់ខ្លួន លើសពីកំឡាំងនឹងយកទៅបាន មានរបឹបជាច្រើន ដល់ម៉្លេះបានជាគេប្រមូលយកអស់រវាង៣ថ្ងៃទើបហើយ
26 នៅថ្ងៃទី៤គេប្រជុំគ្នា នៅច្រកភ្នំបេរ៉ាកា គឺដោយព្រោះនៅទីនោះគេបានសូមឲ្យព្រះយេហូវ៉ាបានព្រះពរ បានជាគេហៅទីនោះថា ច្រកភ្នំបេរ៉ាកា ដរាបដល់សព្វថ្ងៃនេះ
27 រួចមកពួកយូដា និងអស់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាមានទាំងយ៉ូសាផាតយាងនាំមុខគេ ក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ដោយអំណរ ពីព្រោះព្រះយេហូវ៉ាទ្រង់បានបណ្តាលឲ្យគេមានសេចក្ដីរីករាយសប្បាយ ពីដំណើរពួកខ្មាំងសត្រូវរបស់គេ
28 គេក៏ចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម ដោយលេងពិណ ស៊ុង ហើយផ្លុំត្រែផង
29 កាលពួកនគរដែលនៅអស់ទាំងស្រុកបានឮថា ព្រះយេហូវ៉ាទ្រង់ច្បាំងនឹងពួកខ្មាំងសត្រូវរបស់អ៊ីស្រាអែលដូច្នោះ នោះគេក៏កើតមានសេចក្ដីស្ញែងខ្លាចដល់ព្រះទាំងអស់គ្នា