២ របាក្សត្រ 21:1-6 KHOV

1 ឯ​យ៉ូសា‌ផាត ទ្រង់​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ គេ​បញ្ចុះ​សព នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

2 យ៉ូរ៉ាម​មាន​កនិដ្ឋា ជា​បុត្រា​របស់​យ៉ូសា‌ផាត គឺ​អ័សារា យេហ៊ី‌អែល សាការី អ័សារា មីកែល និង​សេផាធា នេះ​សុទ្ធ​តែ​ជា​បុត្រា​របស់​យ៉ូសា‌ផាត ស្តេច​សាសន៍​អ៊ីស្រា‌អែល

3 ព្រះ‌បិតា​ទ្រង់​ក៏​ចែក​របស់​ទ្រព្យ​ជា​ច្រើន ដល់​បុត្រ​ទាំង​នោះ គឺ​ប្រាក់ មាស និង​របស់​មាន​ដំឡៃ ព្រម​ទាំង​ទី​ក្រុង​មាន​បន្ទាយ នៅ​ស្រុក​យូដា​ផង តែ​ត្រង់​ឯ​រាជ្យ នោះ​បាន​ប្រទាន​ដល់​យ៉ូរ៉ាម​វិញ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌រាជ‌បុត្រ​ច្បង

4 កាល​យ៉ូរ៉ាម​បាន​ឡើង​គ្រប់‌គ្រង​រាជ្យ​របស់​ព្រះ‌បិតា ហើយ​មាន​អំណាច​ចំរើន​ឡើង នោះ​ទ្រង់​ក៏​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន​ដោយ​ដាវ​ទៅ ព្រម​ទាំង​ពួក​ដែល​ជា​ប្រធាន ក្នុង​សាសន៍​អ៊ីស្រា‌អែល ជា​ច្រើន​ដែរ

5 កាល​យ៉ូរ៉ាម​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​ក៏​មាន​ព្រះ‌ជន្ម​៣២​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​បាន​៨​ឆ្នាំ

6 ទ្រង់​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល គឺ​បាន​ប្រព្រឹត្ត​ដូច​ជា​វង្សា​របស់​អ័ហាប់​ដែរ ដ្បិត​ទ្រង់​បាន​យក​បុត្រី​របស់​អ័ហាប់ ធ្វើ​ជា​ភរិយា ទ្រង់​ក៏​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា