២ របាក្សត្រ 21:12-18 KHOV

12 នោះ​មាន​សំបុត្រ​មក​ពី​ហោរា​អេលីយ៉ា​ដល់​ទ្រង់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ ព្រះ‌បិតា​ទ្រង់ បាន​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ទ្រង់​មិន​បាន​ដើរ​តាម​ផ្លូវ​របស់​យ៉ូសា‌ផាត ជា​ព្រះ‌បិតា​ទ្រង់ និង​ផ្លូវ​របស់​អេសា ជា​ស្តេច​យូដា

13 គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​វិញ ព្រម​ទាំង​បណ្តាល​ឲ្យ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ផិត​ព្រះ ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សំឡាប់​កនិដ្ឋា​ទាំង​ប៉ុន្មាន ជា​ព្រះ‌វង្ស​របស់​ព្រះ‌បិតា​ទ្រង់ ដែល​សុទ្ធ​តែ​ល្អ​ជាង​ទ្រង់​ផង

14 នោះ​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​រាស្ត្រ​ទ្រង់ ដោយ​សេចក្ដី​វេទនា​ជា​ខ្លាំង​ព្រម​ទាំង​ពួក​បុត្រ និង​ភរិយា​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​របស់​ទ្រព្យ​នៃ​ទ្រង់​ផង

15 ឯ​ទ្រង់ នឹង​កើត​មាន​ជំងឺ​ក្នុង​ពោះ‌វៀន​ជា​ទំងន់ ឈឺ​រាល់​តែ​ថ្ងៃ ដរាប​ដល់​ពោះ‌វៀន​ធ្លាក់​ចេញ​មក​ដោយ‌សារ​ជំងឺ​នោះ។

16 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ចិត្ត​ពួក​ភីលីស្ទីន និង​ពួក​អារ៉ាប់ ដែល​នៅ​ជិត​សាសន៍​អេធី‌អូពី ឲ្យ​គេ​កំរើក​ឡើង​ទាស់​នឹង​យ៉ូរ៉ាម​ដែរ

17 គេ​ឡើង​សង្ខុញ​ចូល​មក​ក្នុង​ស្រុក​យូដា ប្លន់​យក​អស់​ទាំង​របស់​ទ្រព្យ​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌រាជ‌ដំណាក់​ទៅ ព្រម​ទាំង​នាំ​យក​ពួក​បុត្រ និង​ភរិយា​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ផង បាន​ជា​គ្មាន​បុត្រ​ណា នៅ​សល់​ដល់​ទ្រង់ មាន​តែ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​ពៅ​របស់​ទ្រង់​ប៉ុណ្ណោះ។

18 ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​ប្រហារ​ស្តេច​ឲ្យ​មាន​ជំងឺ​ក្នុង​ពោះ‌វៀន ដែល​មើល​មិន​ចេះ​ជា​ឡើយ