3 ទ្រង់ក៏ដើរតាមផ្លូវរបស់ពួកវង្សអ័ហាប់ដែរ ពីព្រោះព្រះមាតាទ្រង់ ជាអ្នកជួយគំនិតឲ្យធ្វើអំពើអាក្រក់
4 ហើយទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ដូចជាពួកវង្សរបស់អ័ហាប់ដែរ ដ្បិតក្រោយដែលព្រះបិតាទ្រង់បានសុគតទៅហើយ ពួកនោះជាអ្នកដឹកនាំគំនិតទ្រង់ ដរាបដល់ទ្រង់ត្រូវវិនាស
5 ទ្រង់ចេះតែប្រព្រឹត្តតាមដំបូន្មានរបស់គេ ក៏ទៅជាមួយនឹងយ៉ូរ៉ាម ជាព្រះរាជបុត្រាអ័ហាប់ស្តេចអ៊ីស្រាអែល ដើម្បីច្បាំងនឹងហាសែល ជាស្តេចស្រុកស៊ីរីត្រង់ក្រុងរ៉ាម៉ូត-កាឡាតដែរ ឯពួកស៊ីរី គេធ្វើឲ្យយ៉ូរ៉ាមមានរបួស
6 រួចទ្រង់វិលទៅឯក្រុងយេសរាលវិញ ដើម្បីមើលរបួសឲ្យជា ដែលគេបានធ្វើទ្រង់នៅត្រង់រ៉ាម៉ា ក្នុងកាលដែលទ្រង់ច្បាំងនឹងហាសែលស្តេចស៊ីរី រួចអ័ហាស៊ីយ៉ា ជាព្រះរាជបុត្រាយ៉ូរ៉ាម ស្តេចយូដា ទ្រង់ក៏យាងទៅដល់យេសរាល គាល់យ៉ូរ៉ាម ជាព្រះរាជបុត្រាអ័ហាប់ ដែលទ្រង់ប្រឈួន
7 រីឯការដែលអ័ហាស៊ីយ៉ាបានទៅគាល់យ៉ូរ៉ាម នោះកើតមកអំពីព្រះទេ ដើម្បីឲ្យទ្រង់ត្រូវវិនាស ដ្បិតកាលទ្រង់បានទៅដល់ហើយ នោះក៏យាងចេញទៅជាមួយនឹងយ៉ូរ៉ាម ទាស់នឹងយេហ៊ូវ ជាកូននីមស៊ី ជាអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេង តាំងឡើងឲ្យបានបំផ្លាញវង្សរបស់អ័ហាប់ចេញ
8 ហើយកាលយេហ៊ូវកំពុងតែសំរេចទោស ដល់វង្សរបស់អ័ហាប់ នោះលោកក៏ប្រទះឃើញពួកអ្នកខ្លះ ដែលជាពូជពង្សស្តេចយូដា គឺជាបុត្ររបស់ពួកជេដ្ឋាអ័ហាស៊ីយ៉ាដែលជាជំនិតទ្រង់ ហើយលោកសំឡាប់គេទាំងអស់ទៅ
9 លោកក៏រកអ័ហាស៊ីយ៉ា ដែលពួននៅក្នុងក្រុងសាម៉ារីដែរ ហើយគេចាប់ទ្រង់ នាំមកដល់យេហ៊ូវ រួចគេសំឡាប់បង់ ហើយកប់សពទ្រង់ទៅ ដោយថា ទ្រង់ជាបុត្រយ៉ូសាផាត ដែលបានស្វែងរកព្រះយេហូវ៉ាអស់ពីព្រះទ័យ ដូច្នេះ ក្នុងវង្សរបស់អ័ហាស៊ីយ៉ា គ្មានអ្នកណាមួយអាចនឹងគ្រប់គ្រងរាជ្យបានឡើយ។