២ របាក្សត្រ 22:4-10 KHOV

4 ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ពួក​វង្ស​របស់​អ័ហាប់​ដែរ ដ្បិត​ក្រោយ​ដែល​ព្រះ‌បិតា​ទ្រង់​បាន​សុគត​ទៅ​ហើយ ពួក​នោះ​ជា​អ្នក​ដឹក‌នាំ​គំនិត​ទ្រង់ ដរាប​ដល់​ទ្រង់​ត្រូវ​វិនាស

5 ទ្រង់​ចេះ​តែ​ប្រព្រឹត្ត​តាម​ដំបូន្មាន​របស់​គេ ក៏​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់​ស្តេច​អ៊ីស្រា‌អែល ដើម្បី​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី​ត្រង់​ក្រុង​រ៉ាម៉ូត-កាឡាត​ដែរ ឯ​ពួក​ស៊ីរី គេ​ធ្វើ​ឲ្យ​យ៉ូរ៉ាម​មាន​របួស

6 រួច​ទ្រង់​វិល​ទៅ​ឯ​ក្រុង​យេស‌រាល​វិញ ដើម្បី​មើល​របួស​ឲ្យ​ជា ដែល​គេ​បាន​ធ្វើ​ទ្រង់​នៅ​ត្រង់​រ៉ាម៉ា ក្នុង​កាល​ដែល​ទ្រង់​ច្បាំង​នឹង​ហាសែល​ស្តេច​ស៊ីរី រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​យ៉ូរ៉ាម ស្តេច​យូដា ទ្រង់​ក៏​យាង​ទៅ​ដល់​យេស‌រាល គាល់​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា​អ័ហាប់ ដែល​ទ្រង់​ប្រឈួន

7 រីឯ​ការ​ដែល​អ័ហា‌ស៊ីយ៉ា​បាន​ទៅ​គាល់​យ៉ូរ៉ាម នោះ​កើត​មក​អំពី​ព្រះ​ទេ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​វិនាស ដ្បិត​កាល​ទ្រង់​បាន​ទៅ​ដល់​ហើយ នោះ​ក៏​យាង​ចេញ​ទៅ​ជា​មួយ​នឹង​យ៉ូរ៉ាម ទាស់​នឹង​យេហ៊ូវ ជា​កូន​នីមស៊ី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង តាំង​ឡើង​ឲ្យ​បាន​បំផ្លាញ​វង្ស​របស់​អ័ហាប់​ចេញ

8 ហើយ​កាល​យេហ៊ូវ​កំពុង​តែ​សំរេច​ទោស ដល់​វង្ស​របស់​អ័ហាប់ នោះ​លោក​ក៏​ប្រទះ​ឃើញ​ពួក​អ្នក​ខ្លះ ដែល​ជា​ពូជ‌ពង្ស​ស្តេច​យូដា គឺ​ជា​បុត្រ​របស់​ពួក​ជេដ្ឋា​អ័ហា‌ស៊ីយ៉ា​ដែល​ជា​ជំនិត​ទ្រង់ ហើយ​លោក​សំឡាប់​គេ​ទាំង​អស់​ទៅ

9 លោក​ក៏​រក​អ័ហា‌ស៊ីយ៉ា ដែល​ពួន​នៅ​ក្នុង​ក្រុង​សាម៉ារី​ដែរ ហើយ​គេ​ចាប់​ទ្រង់ នាំ​មក​ដល់​យេហ៊ូវ រួច​គេ​សំឡាប់​បង់ ហើយ​កប់​សព​ទ្រង់​ទៅ ដោយ​ថា ទ្រង់​ជា​បុត្រ​យ៉ូសា‌ផាត ដែល​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ព្រះ‌ទ័យ ដូច្នេះ ក្នុង​វង្ស​របស់​អ័ហា‌ស៊ីយ៉ា គ្មាន​អ្នក​ណា​មួយ​អាច​នឹង​គ្រប់‌គ្រង​រាជ្យ​បាន​ឡើយ។

10 ឯ​ព្រះ‌នាង​អ័ថា‌លា ជា​ព្រះ‌មាតា​អ័ហា‌ស៊ីយ៉ា កាល​ឃើញ​ថា ព្រះ‌រាជ‌បុត្រ​បាន​សុគត​ហើយ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ពូជ‌ពង្ស​ហ្លួង ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​យូដា​ទាំង​អស់​ទៅ