២ របាក្សត្រ 23:1-7 KHOV

1 នៅ​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា លោក​ចំរើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូហាំ អ៊ីស‌ម៉ា‌អែល ជា​កូន​យ៉ូហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អាសេយ៉ា ជា​កូន​អ័ដាយ៉ា និង​អេលី‌សាផាត ជា​កូន​ស៊ីកគ្រី

2 គេ​ក៏​ដើរ​ទៅ​មក​ក្នុង​ស្រុក​យូដា ប្រមូល​ពួក​លេវី​ពី​គ្រប់​ទាំង​ទី​ក្រុង​ស្រុក​យូដា ព្រម​ទាំង​ពួក​ជា​ប្រធាន ក្នុង​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មូល​មក​ឯ​ក្រុង​យេរូ‌សាឡិម

3 រួច​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចុះ​សញ្ញា​នឹង​ស្តេច នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ យេហូ‌យ៉ាដា ក៏​ពោល​ឡើង​ថា មើល ត្រូវ​ឲ្យ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច បាន​សោយ‌រាជ្យ​ឡើង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ពី​ដំណើរ​ពួក​វង្សា​ដាវីឌ

4 ឯ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ ចំណែក​ពួក​សង្ឃ និង​ពួក​លេវី ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចូល​មក​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ចាំ​យាម​នៅ​មាត់​ទ្វារ

5 មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ឯ​ដំណាក់​នៃ​ស្តេច ហើយ​មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ត្រង់​ទ្វារ​ជើង​ជញ្ជាំង ឯ​បណ្តា‌ជន​ទាំង‌ឡាយ ត្រូវ​នៅ​ក្នុង​ទីលាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​វិញ

6 កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ពី​ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ

7 ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំវិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សំឡាប់​បង់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល។