18 យេហូយ៉ាដា លោកក៏តាំងឲ្យមានពួកអ្នកថែទាំមើលព្រះវិហារនៃព្រះយេហូវ៉ា នៅក្រោមបង្គាប់នៃពួកលេវីដ៏ជាសង្ឃ ដែលដាវីឌបានដំរូវឲ្យមានដំណែង ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សំរាប់នឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា ដូចជាមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ គឺដោយសេចក្ដីរីករាយសប្បាយ ហើយច្រៀងចំរៀង តាមបង្គាប់ដាវីឌ
19 លោកក៏ដាក់ពួកឆ្មាំទ្វារ នៅអស់ទាំងទ្វារព្រះវិហារនៃព្រះយេហូវ៉ា ដើម្បីនឹងឃាត់ មិនឲ្យអ្នកណាដែលមិនស្អាតក្នុងការអ្វីមួយ បានចូលទៅឡើយ
20 រួចមក លោកប្រមូលពួកមេទ័ព ពួកអ្នកធំ ពួកចៅហ្វាយលើបណ្តាជន និងពួកអ្នកស្រុកទាំងអម្បាលម៉ានមក ហើយនាំស្តេចចុះពីព្រះវិហារនៃព្រះយេហូវ៉ា ដង្ហែចូលទៅក្នុងព្រះរាជដំណាក់តាមទ្វារខាងលើ លើកតម្កល់លើបល្ល័ង្ករាជ្យ
21 ដូច្នេះ ពួកអ្នកស្រុកទាំងអស់គ្នា ក៏មានសេចក្ដីរីករាយសប្បាយ ហើយទីក្រុងបានសេចក្ដីសាន្តត្រាណ ឯព្រះនាងអ័ថាលា គេបានធ្វើគុតដោយដាវទៅ។