២ របាក្សត្រ 24:8-14 KHOV

8 ដូច្នេះ ស្តេច​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​ធ្វើ​ហឹប​១​ដាក់​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

9 រួច​ប្រកាស​ប្រាប់​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​យក​ពន្ធ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល នៅ​ទី​រហោ‌ស្ថាន​ដែរ

10 នោះ​ពួក​អ្នក​ដែល​ជា​ប្រធាន និង​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ ហើយ​យក​ប្រាក់​មក​ដាក់​ក្នុង​ហឹប ដរាប​ដល់​បាន​គ្រប់

11 វេលា​ណា​ដែល​ពួក​លេវី​ឃើញ​មាន​ប្រាក់​ច្រើន​ហើយ នោះ​ក៏​នាំ​យក​ហឹប​ចូល​ទៅ​ឯ​ពួក​ភ្នាក់‌ងារ​របស់​ស្តេច ហើយ​ស្មៀន​ហ្លួង និង​អ្នក​ដំណាង​សំដេច​សង្ឃ ក៏​ចូល​មក​ចាក់​ចេញ​យក​ប្រាក់​ទៅ​ទុក រួច​គេ​យក​ហឹប​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ គេ​ធ្វើ​ដូច្នោះ​រាល់​តែ​ថ្ងៃ ហើយ​បាន​ប្រាក់​ជា​បរិបូរ

12 ស្តេច និង​យេហូ‌យ៉ាដា ក៏​ប្រគល់​ប្រាក់​នោះ ឲ្យ​ដល់​ពួក​អ្នក​ដែល​ត្រួត​មើល​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ឲ្យ​រៀប‌ចំ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី ព្រម​ទាំង​ពួក​ជាង​ដែក ជាង​លង្ហិន ឲ្យ​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ

13 ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ក៏​ធ្វើ​ការ​ទៅ ហើយ​ការ​ជួស‌ជុល​ក៏​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ គេ​បាន​រៀប‌ចំ​ព្រះ‌វិហារ​នៃ​ព្រះ​តាម​សណ្ឋាន​ដើម​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ជាង​ទៅ​ទៀត

14 កាល​គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ នោះ​ក៏​យក​ប្រាក់​ដែល​សល់​នៅ ទៅ​ថ្វាយ​ដល់​ស្តេច និង​យេហូ‌យ៉ាដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សំរាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​ដង្វាយ ព្រម​ទាំង​កូន​ចាន និង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាស និង​ប្រាក់ រួច​ការ​ថ្វាយ​ដង្វាយ​ដុត នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជានិច្ច​គ្រប់​១​ជីវិត​របស់​យេហូ‌យ៉ាដា។