1 ឯអ័ម៉ាស៊ីយ៉ា កាលចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្នុងក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាយ៉ូអាដាន ជាអ្នកក្រុងយេរូសាឡិម
2 ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនមែនដោយព្រះទ័យស្មោះចំពោះទេ
3 កាលរាជ្យបានតាំងនៅជាប់ ក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
4 តែមិនបានសំឡាប់កូនចៅគេទេ គឺបានធ្វើតាមសេចក្ដីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេវិញ ជាសេចក្ដីដែលព្រះយេហូវ៉ាបានបញ្ញត្តថា ឪពុកមិនត្រូវស្លាប់ដោយព្រោះកូន ឬកូនដោយព្រោះឪពុកឡើយ គឺគ្រប់គ្នាត្រូវស្លាប់ ដោយព្រោះអំពើបាបរបស់ខ្លួនរៀងខ្លួនវិញ។
5 មួយទៀត អ័ម៉ាស៊ីយ៉ាទ្រង់ប្រមូលពួកយូដា ឲ្យមូលគ្នា រួមផ្គុំគេតាមវង្សានុវង្សរបស់ឪពុកគេ នៅក្រោមអំណាចនៃមេលើ១ពាន់នាក់ និងមេលើ១រយនាក់ គឺទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់ផង ក៏រាប់គេចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ឃើញមានមនុស្សជ្រើសរើស៣សែននាក់ ដែលសុទ្ធតែអាចនឹងទៅច្បាំងបាន ហើយចេះកាន់លំពែង និងខែលផង