២ របាក្សត្រ 26:10-16 KHOV

10 ទ្រង់​ក៏​សង់​ប៉ម នៅ​ទី​រហោ‌ស្ថាន ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ពី​ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប និង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចំការ និង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ និង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម

11 មួយ​ទៀត អូសៀស​ទ្រង់​មាន​ពល‌ទ័ព សុទ្ធ​តែ​ជា​មនុស្ស​ចេះ​តស៊ូ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​កងៗ តាម​ចំនួន​គេ ដែល​យីអែល ជា​ស្មៀន និង​ម្អាសេយ៉ា ជា​នាយ បាន​រាប់​នៅ​ក្រោម​អំណាច​ហាណានា ជា​មេ‌ទ័ព​របស់​ស្តេច

12 ឯ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ​ទាំង​ប៉ុន្មាន គឺ​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​មាន​ចិត្ត​ក្លាហាន នោះ​មាន​ចំនួន​២​ពាន់​៦​រយ​នាក់

13 ហើយ​នៅ​ក្រោម​អំណាច​គេ មាន​ពល‌ទ័ព​៣​សែន​៧​ពាន់​៥​រយ​នាក់ ដែល​ចេញ​ទៅ​ច្បាំង​ដោយ​មាន​កំឡាំង​យ៉ាង​រឹង​របឹង សំរាប់​នឹង​ជួយ​ស្តេច​រាំង‌រា​ខ្មាំង​សត្រូវ

14 អូសៀស​ទ្រង់​ក៏​ចាត់‌ចែង​ធ្វើ​ខែល លំពែង មួក​សឹក និង​អាវ​ក្រោះ ព្រម​ទាំង​ធ្នូ និង​ក្រួស​សំរាប់​បាញ់​ឲ្យ​គេ គឺ​ឲ្យ​ពួក​ពល‌ទ័ព​ទាំង​អស់​នោះ

15 ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​ទ្រង់​ក៏​ធ្វើ​យន្ត ដែល​មនុស្ស​ប៉ិន‌ប្រសប់​បាន​បង្កើត​ឡើង​ដាក់​លើ​ប៉ម លើ​កំផែង សំរាប់​បាញ់​ព្រួញ និង​ថ្ម​ធំៗ នោះ​ព្រះ‌នាម​ទ្រង់​ក៏​លាន់​ឮ​ទួទៅ​ឆ្ងាយ ពី​ព្រោះ​ទ្រង់​មាន​សេចក្ដី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កំឡាំង​ខ្លាំង។

16 កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះ‌ទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ ទ្រង់​ក៏​ប្រព្រឹត្ត​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដ្បិត​ទ្រង់​បាន​យាង​ចូល​ទៅ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដុត​កំញាន​នៅ​លើ​អាស‌នា​គ្រឿង​ក្រអូប