15 រួចសំឡាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃ១៤ក្នុងខែពិសាខ ឯពួកសង្ឃ និងពួកលេវី គេមានសេចក្ដីខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកដង្វាយដុតមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
16 គេក៏ឈរនៅកន្លែងរបស់គេ តាមរបៀប តាមក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ គឺពួកសង្ឃគេទទួលឈាម ពីដៃពួកលេវីយកទៅប្រោះ
17 ដ្បិតមានគ្នាច្រើនក្នុងជំនុំនោះដែលមិនទាន់ញែកខ្លួនជាបរិសុទ្ធនៅឡើយ ដូច្នេះ ពួកលេវីត្រូវត្រួតលើការសំឡាប់ចៀមធ្វើបុណ្យរំលង ឲ្យអស់អ្នកណាដែលមិនស្អាត ដើម្បីនឹងញែកគេចេញជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា
18 មានបណ្តាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាន៉ាសេ ពួកអ៊ីសាខារ និងពួកសាប់យូល៉ូន ដែលមិនបានសំអាតខ្លួនទេ ប៉ុន្តែគេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែហេសេគាទ្រង់អធិស្ឋានឲ្យគេថា
19 សូមព្រះយេហូវ៉ាដ៏ប្រកបដោយករុណាគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទោះបើមិនបានសំអាតខ្លួន តាមរបៀបនៃទីបរិសុទ្ធក៏ដោយ
20 ព្រះយេហូវ៉ាក៏ស្តាប់តាមហេសេគាទ្រង់ប្រោសឲ្យគេបានជា
21 ពួកកូនចៅអ៊ីស្រាអែលដែលបានមកឯក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់៧ថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ា រាល់ៗថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា