4 តែដំណើរនោះ ស្តេចព្រមទាំងពួកជំនុំទាំងអស់គ្នា ក៏យល់ឃើញថាត្រឹមត្រូវដែរ
5 ដូច្នេះ ក៏ចេញច្បាប់ ឲ្យប្រកាសប្រាប់ នៅពេញក្នុងស្រុកអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ឲ្យមកធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នៅក្រុងយេរូសាឡិម ដ្បិតជាយូរយារមកហើយ គេមិនបានធ្វើបុណ្យនោះ ដូចជាមានសេចក្ដីចែងទុកមកនោះទេ
6 ដូច្នេះ ពួករត់សំបុត្រក៏ទទួលយកសំបុត្រពីព្រះហស្តស្តេច និងពីពួកអ្នកជាប្រធាន ចេញទៅពេញក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា តាមបង្គាប់ស្តេចដោយពាក្យថា ពួកកូនចៅអ៊ីស្រាអែលអើយ ចូរត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃអ័ប្រាហាំ នៃអ៊ីសាក និងអ៊ីស្រាអែលវិញ ដើម្បីឲ្យទ្រង់បានវិលមកឯសំណល់ពួកអ្នករាល់គ្នា ដែលបានរួចពីកណ្តាប់ដៃនៃពួកស្តេចស្រុកអាសស៊ើរ
7 កុំឲ្យអ្នករាល់គ្នាធ្វើដូចជាពួកឪពុក និងពួកបងប្អូនអ្នករាល់គ្នា ដែលរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ដល់ម៉្លេះបានជាទ្រង់បោះបង់ចោលគេឲ្យត្រូវវិងស៊ុង ដូចជាឯងរាល់គ្នាបានឃើញស្រាប់នោះឡើយ
8 ឥឡូវនេះ កុំឲ្យអ្នករាល់គ្នាមានចិត្តរឹងរូស ដូចជាឪពុកអ្នករាល់គ្នាឡើយ គឺត្រូវឲ្យប្រគល់ខ្លួនដល់ព្រះយេហូវ៉ាវិញ ហើយចូលមកក្នុងទីបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានញែកជាបរិសុទ្ធទុកជាដរាបទៅ ហើយត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដើម្បីឲ្យសេចក្ដីក្រោធរបស់ទ្រង់បានបែរពីអ្នករាល់គ្នាទៅ
9 ដ្បិតបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន និងកូនចៅអ្នករាល់គ្នាផង នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំឯងទៅជាឈ្លើយ ហើយនឹងត្រឡប់វិលមកឯស្រុកនេះវិញ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា បើសិនជាអ្នករាល់គ្នាវិលមកឯទ្រង់វិញ នោះទ្រង់នឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ។
10 ដូច្នេះ ពួករត់សំបុត្រ ក៏ទៅពីក្រុង១ដល់ក្រុង១កាត់ទាំងស្រុកអេប្រាអិម និងស្រុកម៉ាន៉ាសេផង រហូតដល់ស្រុកសាប់យូល៉ូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង