9 ដ្បិតបើអ្នករាល់គ្នាវិលមកឯព្រះយេហូវ៉ាវិញ នោះទាំងបងប្អូន និងកូនចៅអ្នករាល់គ្នាផង នឹងបានសេចក្ដីមេត្តាករុណា នៅចំពោះពួកអ្នកដែលបាននាំឯងទៅជាឈ្លើយ ហើយនឹងត្រឡប់វិលមកឯស្រុកនេះវិញ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យទន់សន្តោស ហើយមេត្តាករុណា បើសិនជាអ្នករាល់គ្នាវិលមកឯទ្រង់វិញ នោះទ្រង់នឹងមិនបែរព្រះភក្ត្រចេញពីអ្នករាល់គ្នាឡើយ។
10 ដូច្នេះ ពួករត់សំបុត្រ ក៏ទៅពីក្រុង១ដល់ក្រុង១កាត់ទាំងស្រុកអេប្រាអិម និងស្រុកម៉ាន៉ាសេផង រហូតដល់ស្រុកសាប់យូល៉ូន តែអ្នកស្រុកទាំងនោះ គេសើចឡកឲ្យ ហើយមើលងាយផង
11 ប៉ុន្តែមានមនុស្សខ្លះក្នុងពួកអេស៊ើរ ពួកម៉ាន៉ាសេ និងពួកសាប់យូល៉ូន ដែលបន្ទាបខ្លួនក៏មកឯក្រុងយេរូសាឡិមដែរ
12 ហើយព្រះហស្តនៃព្រះក៏មក បណ្តាលឲ្យពួកយូដាមានចិត្តព្រមព្រៀងគ្នា នឹងធ្វើតាមបង្គាប់នៃស្តេច និងពួកអ្នកជាប្រធាន តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។
13 ដូច្នេះ មានមនុស្សជាច្រើនមកប្រជុំគ្នា នៅក្រុងយេរូសាឡិម ជាជំនុំយ៉ាងធំ ដើម្បីនឹងធ្វើបុណ្យនំបុ័ងឥតដំបែរនៅខែទី២នោះ
14 គេក៏ប្រុងប្រៀបនាំគ្នាទៅយកអស់ទាំងអាសនា ដែលនៅក្រុងយេរូសាឡិម និងទាំងអាសនា ទាំងប៉ុន្មាន ដែលសំរាប់ដុតកំញាន បោះចោលទៅក្នុងជ្រោះកេដ្រុន
15 រួចសំឡាប់ចៀមធ្វើបុណ្យរំលង នៅថ្ងៃ១៤ក្នុងខែពិសាខ ឯពួកសង្ឃ និងពួកលេវី គេមានសេចក្ដីខ្មាស ក៏មកញែកខ្លួនចេញជាបរិសុទ្ធ រួចយកដង្វាយដុតមក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា