1 រីឯវេលាដែលការទាំងនោះ បានរួចជាស្រេចហើយ នោះពួកអ៊ីស្រាអែលដែលមកប្រជុំគ្នា ក៏ចេញទៅឯអស់ទាំងទីក្រុងស្រុកយូដា បំបាក់បំបែកបង្គោលថ្មទាំងប៉ុន្មានដែលសំរាប់គោរព ហើយកាប់រំលំរូបព្រះ ព្រមទាំងបំផ្លាញទីខ្ពស់ និងអាសនាទាំងប៉ុន្មាន នៅពេញក្នុងស្រុកយូដា ស្រុកបេនយ៉ាមីន ស្រុកអេប្រាអិម និងស្រុកម៉ាន៉ាសេដែរ ដរាបដល់បានលាញចេញទាំងអស់ទៅ រួចមក ពួកកូនចៅអ៊ីស្រាអែល ក៏វិលត្រឡប់ទៅឯកេរអាករនៅក្នុងទីក្រុងរបស់គេរៀងខ្លួនវិញ។
2 ហេសេគាទ្រង់ក៏តាំងវេនពួកសង្ឃ និងពួកលេវីតាមផ្នែកពួកគេ គឺគ្រប់គ្នាតាមការងារដែលខ្លួនត្រូវធ្វើ ទាំងពួកសង្ឃ និងពួកលេវីដែរ ដើម្បីឲ្យបានថ្វាយដង្វាយដុត ដង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ និងពាក្យសរសើរ នៅត្រង់អស់ទាំងទ្វារទីលំនៅនៃព្រះយេហូវ៉ា
3 ទ្រង់ក៏ថ្វាយព្រះរាជទ្រព្យ១ចំណែក ទុកសំរាប់ជាដង្វាយដុត គឺដង្វាយដុតពេលព្រឹក និងពេលល្ងាច ដង្វាយដុតនៅថ្ងៃឈប់សំរាក និងនៅថ្ងៃចូលខែ ហើយនៅថ្ងៃបុណ្យដែលមានកំណត់ ដូចជាបានកត់ទុកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា
4 មួយទៀតទ្រង់បង្គាប់ដល់ពួកមនុស្ស នៅក្រុងយេរូសាឡិម ឲ្យគេចែកឲ្យពួកសង្ឃ និងពួកលេវីមានចំណែកដែរ ដើម្បីឲ្យអ្នកទាំងនោះបានកាន់ខ្ជាប់ តាមក្រឹត្យវិន័យព្រះយេហូវ៉ា
5 កាលសេចក្ដីបង្គាប់នោះបានឮសុសសាយទៅ ស្រាប់តែពួកកូនចៅអ៊ីស្រាអែលក៏ថ្វាយដង្វាយជាបរិបូរ គឺជាផលដំបូង ពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ពីទឹកឃ្មុំ ហើយពីផលនៃចំការទាំងអស់ គេក៏យក១ភាគក្នុង១០ ពីរបស់ទាំងអស់មកជាបរិបូរដែរ
6 ឯពួកកូនចៅអ៊ីស្រាអែល និងយូដា ដែលនៅអស់ទាំងទីក្រុងស្រុកយូដា គេក៏យក១ភាគក្នុង១០ពីហ្វូងគោ ហ្វូងចៀម និង១ភាគក្នុង១០ពីរបស់បរិសុទ្ធ ដែលបានថ្វាយដល់ព្រះយេហូវ៉ា ជាព្រះនៃគេ មកគរឡើងជាគំនរដែរ