11 ដូច្នេះ ហេសេគាក៏បង្គាប់ឲ្យរៀបចំបន្ទប់ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា គេក៏រៀបចំ
12 រួចនាំយកដង្វាយស្ម័គ្រពីចិត្ត ដង្វាយ១ភាគក្នុង១០ និងដង្វាយបរិសុទ្ធមកទុកក្នុងបន្ទប់នោះ ដោយស្មោះត្រង់ មានកូណានា ជាពួកលេវី ជាអ្នកត្រួតលើរបស់ទាំងនោះ និងស៊ីម៉ាយប្អូនលោកជាអ្នកទី២
13 រួចយេហ៊ីអែល អ័សាស៊ា ណាហាត់ អេសាអែល យេរីម៉ូត យ៉ូសាបាឌ អេសាល យីសម៉ាគា ម៉ាហាត និងបេណាយ៉ា គេសុទ្ធតែជាអ្នកត្រួតលើការនោះនៅក្រោមអំណាចកូណានា និងស៊ីម៉ាយ ប្អូនលោក តាមបង្គាប់ស្តេចហេសេគា និងអ័សារា ជាអ្នកគ្រប់គ្រងនៅព្រះវិហារនៃព្រះ
14 ហើយកូរេ កូនយីមន៉ា ជាពួកលេវី ដែលចាំទ្វារខាងកើត លោកត្រួតលើដង្វាយដែលថ្វាយដល់ព្រះដោយស្ម័គ្រពីចិត្ត ដើម្បីនឹងចែកដង្វាយរបស់ផងព្រះយេហូវ៉ា ព្រមទាំងរបស់បរិសុទ្ធបំផុត
15 នៅក្រោមអំណាចលោក នោះមានអេដែន មីនយ៉ាមីន យេសួរ សេម៉ាយ៉ា អ័ម៉ារា និងសេកានា ដែលនៅអស់ទាំងទីក្រុងរបស់ពួកសង្ឃ ជាអ្នកចែកដល់បងប្អូនគេទាំងធំទាំងតូច តាមវេនឲ្យស្មើគ្នា ដោយចិត្តស្មោះត្រង់
16 គឺជាពួកប្រុសៗដែលបានកត់ក្នុងបញ្ជី ចាប់តាំងពីអាយុ៣ឆ្នាំឡើងទៅលើ ជាពួកអ្នកដែលចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមតែត្រូវការរាល់តែថ្ងៃ សំរាប់ការងារដែលផ្ញើទុកនឹងគេតាមវេនរៀងខ្លួន
17 និងពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ ហើយនឹងពួកលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ តាមការងារ តាមវេនគេ