២ របាក្សត្រ 33:15-21 KHOV

15 ទ្រង់​យក​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ និង​រូប​ព្រះ​នោះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​អាស‌នា​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ស្អាង នៅ​លើ​ភ្នំ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​បោះ​ចោល​នៅ​ខាង​ក្រៅ​ទី​ក្រុង

16 រួច​ទ្រង់​ស្អាង​អាស‌នា​ព្រះ‌យេហូវ៉ា​ឡើង​វិញ ហើយ​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី និង​ដង្វាយ​អរ​ព្រះ‌គុណ នៅ​លើ​អាស‌នា​នោះ ក៏​បង្គាប់​ឲ្យ​ពួក​យូដា​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

17 ប៉ុន្តែ​ពួក​បណ្តា‌ជន​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អស់​ទាំង​ទី​ខ្ពស់​នៅ​ឡើយ​តែ​គេ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​វិញ។

18 រីឯ​ដំណើរ​ឯ​ទៀត​ពី​ម៉ាន៉ាសេ និង​សេចក្ដី​ដែល​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ​នៃ​ទ្រង់ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ទូល​ទ្រង់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ពី​កិច្ច‌ការ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

19 ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​ទ្រង់ និង​ការ​ដែល​ព្រះ​បាន​ទន់​ព្រះ‌ហឫ‌ទ័យ​ទទួល​តាម​ទ្រង់ ព្រម​ទាំង​អំពើ​បាប និង​ការ​រំលង​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​ទាំង​កន្លែង​ដែល​ទ្រង់​បាន​ធ្វើ​ទី​ខ្ពស់ ហើយ​តម្កល់​រូប​ព្រះ និង​រូប​ឆ្លាក់ មុន​ដែល​ទ្រង់​បាន​បន្ទាប​ព្រះ‌ទ័យ​ចុះ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​ពង្សាវតារ ដែល​ពួក​អ្នក​មើល‌ឆុត​បាន​ចារឹក​ទុក​ហើយ

20 ម៉ាន៉ាសេ​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​អយ្យកោ​របស់​ទ្រង់​ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ដំណាក់​ទ្រង់ រួច​អាំម៉ូន​ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

21 កាល​អាំម៉ូន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២២​ឆ្នាំ​ហើយ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២​ឆ្នាំ