1 ឯយ៉ូសៀស កាលចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម៨ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៣១ឆ្នាំ
2 ទ្រង់ប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងដើរតាមអស់ទាំងផ្លូវរបស់ដាវីឌ ជាអយ្យកោទ្រង់ផង ឥតងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ
3 ដ្បិតនៅឆ្នាំទី៨ក្នុងរាជ្យទ្រង់ កាលទ្រង់នៅក្មេងនៅឡើយ នោះទ្រង់ក៏ចាប់តាំងស្វែងរកតាមព្រះនៃដាវីឌ ជាអយ្យកោទ្រង់ លុះដល់ឆ្នាំទី១២ នោះទ្រង់ផ្តើមជំរះសំអាតស្រុកយូដា និងក្រុងយេរូសាឡិម ឲ្យរួចពីអស់ទាំងទីខ្ពស់ រូបព្រះ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានចេញ
4 គេក៏បំបាក់បំបែកអាសនាព្រះបាល នៅចំពោះទ្រង់ ក៏កាប់រំលំរូបព្រះអាទិត្យដែលនៅខ្ពស់ពីលើគេ ព្រមទាំងរូបព្រះ រូបឆ្លាក់ និងរូបសិតទាំងប៉ុន្មានផង ហើយកិនកំទេចជាផង់ធូលី រួចរោយរុះលើផ្នូរខ្មោចរបស់ពួកអ្នកដែលបានថ្វាយយញ្ញបូជាដល់ព្រះទាំងនោះ
5 ទ្រង់យកឆ្អឹងពួកសង្ឃទាំងនោះ ទៅដុតលើអាសនារបស់គេ ដូច្នេះទ្រង់បានជំរះសំអាតស្រុកយូដា និងក្រុងយេរូសាឡិមរួចហើយ
6 ទ្រង់ក៏ធ្វើយ៉ាងនោះនៅអស់ទាំងទីក្រុងរបស់ពួកម៉ាន៉ាសេ ពួកអេប្រាអិម និងពួកស៊ីម្មាន រហូតដល់ស្រុករបស់ពួកណែបថាលី និងកន្លែងបាក់បែកនៅជុំវិញទាំងប៉ុន្មានដែរ
7 ក៏រំលំអាសនា បំបាក់បំបែករូបព្រះ និងរូបឆ្លាក់ឲ្យទៅជាផង់ធូលី កាប់រំលំអស់ទាំងរូបព្រះអាទិត្យនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែលចេញ រួចទ្រង់វិលត្រឡប់មកឯក្រុងយេរូសាឡិមវិញ។